ព័ត៌មានជាតិ

គូស្នេហ៍មួយគូ កំពុងអង្គុយនែបនិត្យគ្នានៅទីងងឹត ត្រូវក្រុមចោរប្លន់យកម៉ូតូ តែសំណាង​…..

ភ្នំពេញ: គូសង្សារមួយគូកំពុងតែ​អង្គុយសារសងនែបនិត្យគ្នានៅទីងងឹត  ស្រាប់​តែ​មានជនសង្ស័យ៣នាក់មកកាត់សង្វាក់ ដោយធ្វើជាខ្ចីទូរសព្ទបន្ទាប់​មកបានដកដាវគំរាមកាប់ប្លន់យកម៉ូតូម៉ាកសង់សេ១២៥ ស៊េរី០១៦ បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ មករា ២០១៧ ស្ថិតនៅចំណុចដីវាលខាងលិចរបងរោងចក្រកាណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឈឿន ឈីន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងមានស្រុកកំណើតភូមិ ពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ រីឯម៉ូតូម៉ាកហុងដារឌ្រីមសង់សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080 ចំណែកជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដាវមួយដើម មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ។

តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនជាមួយនឹងសង្សារបានទៅអង្គុយលេងសារសងស្នេហានៅទីកន្លែងកើតហេតុដែលជាកន្លែងស្ងាត់ ក្រោយមកក៏មានជនសង្ស័យ៣នាក់ដើរមកក្បែរ រួចបានសុំខ្ចីទូរសព្ទរបស់ខ្លួន តែខ្លួនបានប្រាប់ថា ទូរសព្ទអស់លុយហើយ ភ្លាមនោះជនសង្ស័យ​បានដកដាវមកគំរាមកាប់ប្លន់យកម៉ូតូតែម្តង ដោយជនរងគ្រោះភ័យខ្លាច ទើបប្រគល់សោម៉ូតូទៅជនសង្ស័យ រួចជនសង្ស័យបានជិញចេញទៅបាត់ទៅ។

ក្រោយកើតហេតុជាងមួយម៉ោង ទើបជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ។ ភ្លាមៗនោះសមត្ថកិច្ចបាននាំជនរងគ្រោះទៅចង្អុលបង្ហាញពីកន្លែងកើត​ហេតុ និងប្រាប់ពីផ្លូវដែលជនសង្ស័យជិះចេញ ទើបសមត្ថកិច្ចក្តាប់បាន រួចបាន​នាំជនរងគ្រោះទៅដីឡូត៍មានព្រៃមួយកន្លែងស្ថិតនៅក្រោយភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះពីមុនមានជនសង្ស័យធ្វើសកម្មភាពកន្លងមក ធ្លាប់យកវត្ថុតាងយកទៅលាក់ទុកទីនោះ លុះដល់សមត្ថកិច្ចនាំជនរងគ្រោះទៅពិនិត្យ​មើល ក៏ស្រាប់តែឃើញម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពមុន​នេះ ដែលជារបស់ជនរងគ្រោះទៅលាក់ទុកទីនោះមែន ដោយយកមែកឈើគ្របពីលើម៉ូតូ។

ក្រោយពេលរកម៉ូតូឃើញវិញ សមត្ថកិច្ចបាននាំយកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិសែនជ័យ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញាចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕

មតិយោបល់