ព័ត៌មានជាតិ

Update៖ បុគ្គលិកក្រុមហ៊ុនខ្សែកាបPPCTVម្នាក់ ឡើងតខ្សែអ៊ិនធើណិតមេឃកំពុងភ្លៀង ឆ្លងចរន្តឆក់ស្លាប់

កណ្តាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News បានឲ្យដឹងថា មានបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនខ្សែកាបPPCTV ខណ:ដែលឡើងតខ្សែភ្លើងមេឃកំពុងភ្លៀង ឆ្លងចរន្តឆក់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១ មុខបុរីពេជ្រ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី សុដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនខ្សែកាបPPCTV ស្នាក់នៅបណ្តោះអាសន្ន ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទីលំនៅអចិន្ត្រៃយ៍ ភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដាក់ជណ្តើរ អ៊ីណុក ដោយផ្អែកជណ្តើរគងលើបង្គោលភ្លើងអគ្គិសនី(បង្គោលថ្ម) ដើម្បីតខ្សែអ៊ិនធើណិតឲ្យអតិថិជន នៅមុខបូរីពេជ្រជាប់ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានឈ្មោះ សឿង វន្នី ភេទប្រុស គឺជានាក់ឈរចាំទប់ជណ្តើរ រំពិចនោះដែរឈ្មោះ សឿង វន្នី បានឃើញជនរងគ្រោះខាងលើ រអិលជើង នៅពេលនោះឈ្មោះវន្នី បានស្រែកហៅជនរងគ្រោះ តែជនរងគ្រោះមិនឆ្លើយក៏អង្រួនជណ្តើរ ទើបជនរងគ្រោះរបូតដៃចេញពីខ្សែកាប ធ្លាក់មកដីសន្លប់ឈឹង ហើយក៏បាននាំគ្នាធ្វើចលនាឲ្យជនរងគ្រោះ តែនៅមិនដឹងខ្លូនក៏បញ្ជូនជនរងគ្រោះទៅកាន់ក្លីនិកមិនស្គាល់ឈ្មោះ តែខាងក្លីនិកមិនទទួលហើយក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យជ័យជម្នះខេត្តកណ្តាល តែនៅពេលទៅដល់មន្ទីរពេទ្យហើយខាងគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់ហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញក្រុងតាខ្មៅនិងគ្រូពេទ្យជំនាញបានចុះទៅពិនិត្យសាកសពតែម្តង។ ក្រោយពីការពិនិត្យសាកសពរួចមក ឃើញថានៅលើបាតដៃទាំងសងខាងរបស់សពមានស្នាមខ្មៅរោល ស្នាមឆេះ ហើយលោកគ្រូពេទ្យជំនាញនិងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថាសពពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន។

ក្រោយពីការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់