ព័ត៌មានជាតិ

រវល់ទៅឆេងម៉េង ត្រូវចោរគាស់ផ្ទះយកទ្រព្យសម្បត្តិអស់!

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីផ្ទះមួយកន្លែង ខណ:ដែលម្ចាស់មិននៅផ្ញើរអ្នកជិតខាងឲ្យជួយមើល ត្រូវចោរធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងចន្លោះពីម៉ោង៦និង៣០នាទី រហូតដល់ម៉ោង៨និង៤៩នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះខាងលើនេះ មានឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរអាជីវករ

ក្នុងនោះដែរ សម្ភារ:ដែលបាត់បង់រួមមាន ខ្សែដៃមាសចំនួន២ខ្សែ ទម្ងន់៣
តម្លឹង, ខ្សែដៃផ្លាកទីន១ខ្សែ, ខ្សែកផ្លាកទីន១ខ្សែ, ចិញ្ចៀនផ្លាកទីន២វង់,ក្រវិលផ្លាកទីន១គូ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ៣សន្លឹក។ ដោយជនសង្ស័យបានបន្សល់ទុកវត្ថុតាង រួមមាន ចង្ក្រានដី១,ដំបងឈើត្នោត ១កំណាត់ ប្រវែង ១២៨ស.ម ទទឹង ១២ស.ម និងមេសោរទ្វាបន្ទប់១ ។

មុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ជនរងគ្រោះ និងក្រុមគ្រួសារបានទៅចូលរួមធ្វើបុណ្យសែន (ឆេងម៉េង) នៅឯផ្ទះឪពុក
មា ក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានចាក់សោបិទទ្វារផ្ទះ ទុកចោល និងបានផ្ដាំផ្ញើរឈ្មោះ អឿន សុខុម ជាអ្នកលក់ទឹកអំពៅ នៅខាងមុខផ្ទះខ្លួន ឲ្យជួយមើលផងដែរ។ លុះនៅម៉ោងប្រមាណ៨និង៤០នាទី ថ្ងៃដដែល មានអ្នកជិតខាងបានឃើញទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះចំហរ រួចដើរទៅមើល ក្រឡេកឃើញបន្ទប់ក្នុងផ្ទះចំហរ ហើយមេសោរបូតនៅនឹងដី រួចក៏បានប្រាប់ឈ្មោះ អឿន សុខុម ពេលនោះ អឿន សុខុម ក៏បានទូរសព្ទទៅជនរងគ្រោះថា ផ្ទះជនរងគ្រោះត្រូវបានគេលួចគាស់ចូល ភ្លាមនោះជនរងគ្រោះបានធ្វើ
ដំណើរត្រឡប់មកផ្ទះវិញភ្លាមៗ ពេលមកដល់ជនរងគ្រោះ បានចាក់
សោចូលក្នុងផ្ទះ ហើយបានឃើញបន្ទប់ដេករបស់ខ្លួនចំហរ រួចក៏ចូលទៅក្នុងបន្ទប់ឃើញសម្លៀកបំពាក់រប៉ាត់រប៉ាយពេញបន្ទប់ ហើយគ្រឿងអលង្ការ និងអត្តសញ្ញាណប័ណ្ណ ដូចបានរៀបរាប់ក្នុងសម្ភារ:បាត់បង់ខាងលើ ដែលដាក់ទុកក្នុងទូរកញ្ចក់បានបាត់ពុំឃើញ។ ចំណែកឯទ្វារ ផ្ទះខាងក្រោយត្រូវបានបើក
ចំហរ និងចម្រឹងដែកបង្អួចផ្ទះបាយមានស្នាមគាស់បំបាក់ចូល។ បន្ទាប់មកទើបជនរងគ្រោះបានរាយការណ៍ មកកាន់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន ដើម្បីចុះមកពិនិត្យ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានទៅដល់ការឃាត់ខ្លួនតែម្តង៕

មតិយោបល់