ព័ត៌មានជាតិ

ស៊ីដាច់រថយន្តឪធម៌បាន១០ថ្ងៃ ត្រូវឪធម៌ប្រទះឃើញចាប់ខ្លួនឲ្យសមត្ថកិច្ច!

ភ្នំពេញ: ភ្នាក់ងារPost Newsបានរាយការណ៍មកថា បុរស២នាក់ រាប់អានគ្នាជាកូនធម៌និងឪពុកធម៌ជិត១០ឆ្នាំ ខ្ចីរថយន្តឪពុកធម៌ថាទៅលេងស្រុកបែរជាយកទៅបញ្ចាំនៅខណ្ឌទួលគោកបាត់ជិត១០ថ្ងៃឪពុកធម៌ប្រទះឃើញជនសង្ស័យចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅចាត់ការតាមនិតិវិធីច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានយករថយន្តទៅបញ្ចាំនោះឈ្មោះ ខុម បូណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម ស្នាក់នៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកឯជនរងគ្រោះត្រូវជាឪពុកធម៌មានឈ្មោះ អ៊ឹម វ៉ាត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចំណែករថយន្តជនរងគ្រោះដែលគេយកទៅបញ្ចាំនោះម៉ាកកាមរីឆ្លាមសេរីឆ្នាំ១៩៩៧ពាក់ស្លាកលេខ ភ្នំពេញ2H-3861។

ប្រភពដដែលបន្តថា មុនពេលកើត ម៉ោងប្រហែលជា៣និង៣២នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះនិងជនសង្ស័យដែលត្រូវជាកូនធម៌និងឪពុកធម៌រាប់អានគ្នាអស់រយ:ពេលជាង៩ឆ្នាំមកហើយ ពេលនោះជនសង្ស័យក៏បានទៅខ្ចីរថយន្តម៉ាកខាងលើពីជនរងគ្រោះដល់ផ្ទះ ដោយនិយាយថាខ្ចីរថយន្តជិះទៅលេងស្រុកនៅឯខេត្តតាកែវ។ លុះបានរថយន្តដល់ដៃក៏បានយកទៅដាក់បញ្ចាំនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក រាជធានៅភ្នំពេញក្នុងតម្លៃ២៥០០ដុល្លាររួចបានគេចខ្លួនបាត់។

ប្រភពបន្តទៀតថា ក្រោយពេលដឹងថាត្រូវចាញ់បោកជននោះ បុរសជាឪពុកធម៌បានតាមរកគ្រប់ទីកន្លែងប៉ុន្តែមិនបានឃើញឡើយ ជនសង្ស័យបានព្យាយាមគេចខ្លួនរហូត។ លុះដល់វេលាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បានប្រទះឃើញជនសង្ស័យនោះ កំពុងស្ថិតនៅត្រង់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ទើបឃាត់ខ្លួនប្រគល់ឲ្យនគរបាលកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់តែម្ដង៕

មតិយោបល់