ព័ត៌មានជាតិ

Update៖ សោកនាដកម្មថ្មីមួយទៀតហើយ! មនុស្ស២នាក់ស្លាប់ និងច្រើននាក់ទៀតរបួសក្នុងករណីរថយន្ត២គ្រឿងបុកគ្នា

ភ្នំពេញ: មនុស្សប្រុសស្រីសរុបចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿង បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងជើងខណ្ឌជ្រោយចង្វារ ប្រហែល២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ បើកតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង (ពីខេត្តចូលរាជធានីភ្នំពេញ)ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តក៏រេចង្កូតមកខាងឆ្វេងដៃបុកខឿនសួនច្បារចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវ រួចក៏ហោះឆ្លងមកចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្តស៊ាំងយ៉ុង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ រួញគៀបជាប់គ្នា គួរឲ្យរន្ធត់ រហូតបណ្តាលឲ្យមានមនុស្សនៅខាងក្នុងរថយន្ត ស្លាប់២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តទៀតថា រថយន្តស៊ាំយ៉ុងមានមនុស្សចំនួន២៣នាក់ជិះក្នុងរថយន្តនោះ តែស្លាប់តែម្នាក់នោះទេ ក្រៅពីនោះ របួសធ្ងន់និងស្រាលទាំងអស់។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំណែកឯរថយន្តហាយឡែនឌ័រមានតែអ្នកបើកម្នាក់ទេ ដោយបានស្លាប់គៀបជាប់នឹងចង្កូតក្នុងរថយន្តបាត់ទៅហើយ។

ទោះជាយ៉ាងណា នៅកន្លែងកើតហេតុ គេបានស្គាល់អត្តសញ្ញាណ សពទាំង២ដែលបានស្លាប់នោះហើយ ដោយទី១មានឈ្មោះ សៀង ភីរុណ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AL-1953 ។ ចំណែក ទី២ឈ្មោះ សុខណា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជាអ្នកដំណើរជិះក្នុងរថយន្តម៉ាកស៊ាំយ៉ុង១២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-8824។

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះចំនួន៦គ្រឿង ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយចំនួនអ្នករងរបួសពិតប្រាកដ សមត្ថកិច្ចនឹងលម្អិតឲ្យដឹងច្បាស់បន្ថែមទៀត នាពេកក្រោយ។ ដោយឡែក សពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់ពួកគាត់ផងដែរ ៕

មតិយោបល់