ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះមុខស្រស់ យ៉ាងសកម្មបានម្នាក់!

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្សពួកគ្នា២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីរូបគេនិងបក្ខពួកម្នាក់ទៀត នាំគ្នាធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិមួយចំនួន ពីផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងកាលពី ៥ថ្ងៃមុននោះ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅខាងមុខផ្ទះលេខ៣៤៨ ផ្លូវលេខព្រះនរោត្តម ភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន ភារ៉ា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៤៨ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២ជាង រំលងអធ្រាត្រ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ កន្លងមក ជនសង្ស័យខាងលើរួមនឹងបក្សពួកម្នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះជួលរបស់ប្រជាពលរដ្ឋម្នាក់ នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ លួចយកបានប្រាក់ដុល្លារចំនួន៥០០ដុល្លារ លេបថប១គ្រឿង និងទូរសព្ទដៃម៉ាកLGចំនួន១គ្រឿង រួចរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពបានបន្តទៀតថា ដោយតាមរយ:ការស្រាវជ្រាវពីកាមេរ៉ាសុវត្ថិភាព បានស្គាល់ពីភិនភាគរបស់ជនសង្ស័យខាងលើរួមទាំងបក្សពួកនោះ ទើបឈានទៅដល់ការឃាត់ខ្លួនបានម្នាក់តែម្តង លុយនិងសម្ភារ:ទាំងនោះត្រូវបានគេយកទៅបញ្ចាំយកលុយចាយអស់គ្មានសល់។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យ ជាមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មម្នាក់ខាងលើ ក៏បាននាំខ្លួនមកធ្វើការសាកសួរ កំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូវច្បាប់ និងកំពុងធ្វើការស្រាវជ្រារកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតផងដែរ៕

មតិយោបល់