ព័ត៌មានជាតិ

តុលាការនឹងប្រកាសសាលក្រមរឿងឃាតកម្មលោក អ៊ឹង ម៉េងជឺ នៅដើមខែក្រោយ

ភ្នំពេញ: ក្រោយពីបើកសវនាការជាង៣០ដង ដោយគ្មានវត្តមានជនជាប់ចោទ ថោង សារ៉ាត់ សូម្បីតែមួយលើកនោះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។

គួរកត់សម្គាល់ថា បើទោះជាសវនាការជំនុំជម្រះទោស ជនជាប់ចោទដែលរងការចោទថា បានបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ត្រូវបានតុលាការក្រុងភ្នំពេញ បើកដំណើរការចំនួនជាង៣០លើកក៏ដោយចុះ ក៏នៅក្នុងសវនាការរាល់លើកតុលាការបានត្រឹមតែសាកសួរជនជាប់ចោទ ជាអង្គរក្សលោក ថោង សារ៉ាត់ និងសាក្សី រួមទាំងចាក់បញ្ចាំងខ្សែវីដេអូពាក់ព័ន្ធសំណុំមើលតែប៉ុណ្ណោះ។

ដោយឡែកលោក ថោង សារ៉ាត់ ដែលតុលាការចោទថា ជាមេក្លោងធំ និងបានបញ្ជាឲ្យអង្គរក្សទៅបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នោះមិនដែលបានមកចូលរួមក្នុងសវនាការនោះទេ ពោលគឺបានត្រឹមតែបញ្ជូនលិខិតតាមរយ:មេធាវីការពារសិទ្ធិស្នើសុំមិនចូលរួមក្រោមសវនាការ ក្រោមហេតុផលថា មានជំងឺធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ជនជាប់ចោទដែលត្រូវបានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការចោទប្រកាន់នៅសំណុំរឿង នេះរួមមាន៖
-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន(អវត្តមាន) តាមមាត្រា ២៨ និងមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន (រលត់បណ្ដឹងអាជ្ញាតាមមាត្រា ៧ ចំណុច ទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់កាលម៉ោងប្រមាណជាង៧ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចម្ការមន៕

//youtu.be/C1I8HAyySkc

មតិយោបល់