ព័ត៌មានជាតិ

Update៖ ឆេះក្រុមហ៊ុន សាន់ហ្វាយ លក់និងបញ្ចូលហ្គាស ផ្អើលអស់ទាំងក្រុងសៀមរាប

សៀមរាប: លោកអធិការក្រុងសៀមរាប បានប្រាប់Post News ថា មានករណីផ្ទុះធុងហ្គាសបណ្តាលឲ្យឆេះផ្ទះអស់៣ខ្នង កាលពីវេលាម៉ោង៩និង៥៥នាទី ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុន សាន់ហ្វាយ លក់និងបញ្ចូលហ្គាស ស្ថិតនៅក្រុមទី៩ ភូមិតាភុល ស្រុកស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ឈ្មោះលឹម គង់ ភេទប្រុសអាយុ៥០ឆ្នាំ។

លោកអធិការបានបន្តថា ការខូចខាតបឋមរួមមាន៖ ផ្ទះរងការខូចខាតចំនួន៣ខ្នង ផ្ទះធ្វើអំពីឈើចំនួន២ខ្នង ផ្ទះធ្វើអំពីថ្មចំនួន១ខ្នង៣ជាន់, ម៉ូតូរឺម៉កសម្រាប់ដឹកធុងហ្គាសចំនួន១គ្រឿង, ធុងហ្គាសទម្ងន់៤៨គីឡូក្រាមចំនួន១៨ធុង, ធុងហ្គាសទម្ងន់២០គីឡូក្រាមចំនួន២០ធុង, ធុងហ្គាសទម្ងន់៤គីឡូក្រាមចំនួន១ធុង, និងកំប៉ុងហ្គាសតូចចំនួន៥០កំប៉ុង។ និងមានរងរបួសមនុស្សស្រាលចំនួន២នាក់ ទី១ឈ្មោះ ធឿន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ របួសដៃឆ្វេង និងជើងឆ្វេង និងទី២ឈ្មោះ វណ្ណ វិស័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ របួសត្រូវដៃឆ្វេង។

ប្រភពដដែលបន្តថា មូលហេតុដោយឈ្មោះ ធឿន នី ដែលជាកម្មករបានបញ្ចូលហ្គាសពីធុងទម្ងន់៤៨គីឡូក្រាមទៅធុងទម្ងន់៤គីឡូក្រាម ខណ:កំពុងបញ្ចូលស្រាប់តែផ្ទុះក្បាលបញ្ចូលហ្គាសហើយក៏ឆាបឆេះនិងផ្ទុះខ្លាំងតែម្តង។

ប្រភពដដែលបន្តទៀតថា ក្នុងករណីនេះកម្លាំងចម្រុះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៣គ្រឿងក្នុងនោះ,រថយន្តរបស់ស្នងការនគរបាលខេត្តសៀមរាបចំនួន៥គ្រឿង,រថយន្តរបស់កងរាជអាវុធហេត្ថខេត្តសៀមរាបចំនួន៦គ្រឿង, រថយន្តរបស់ស្នងការពិសេសចំនួន១គ្រឿង និងរថយន្តរបស់ព្រលានយន្តហោះសៀមរាបចំនួន១គ្រឿង។ ហើយបានពន្លត់អស់់ទាំងស្រុងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃខែឆ្នាំដដែរ៕

មតិយោបល់