ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ បានយកម៉ូតូរបស់ជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ឈ្មោះ ផាន់ ពេជ្យពន្លឺ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាង រីឯជនរងគ្រោះ ឈ្មោះ ធួក ប៊ុនថេត អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ។

ចំណែកម៉ូតូដែលបាត់នោះ ម៉ាកសុយសុគីនិក ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ0997។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានធាក់ម៉ូតូជិះទៅធ្វើការ តែធាក់មិនឆេះក៏ទុកម៉ូតូ នៅមុខបន្ទប់របស់ខ្លួន ហើយបានដើរទៅធ្វើការបាត់លុះដល់ម៉ោង៤និង៣០នាទីរសៀល ជនរងគ្រោះបានចេញពីធ្វើការដើរមកដល់បន្ទប់ជួល ស្រាប់តែបាត់ម៉ូតូ លុះក្រោយមកជនរងគ្រោះបានសួរ ឈ្មោះច័ន្ទ តារាដែលជាអ្នកមើលការខុសត្រូវបន្ទប់ជួល ទើបដឹងថា ជនសង្ស័យឈ្មោះ ផាន់ ពេជ្យ ពន្លឺ ជាអ្នកយកម៉ូតូរបស់ខ្លួនប្រាកដមែន។ រហូតដល់ម៉ោង១ និង៤០នាទីរសៀលថ្ងៃទី៩ខែមេសា ទើបជនរងគ្រោះ បានចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័ យកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់