ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ធ្វើសកម្មភាពលួចទូរទស្សន៍ក្នុងផ្ទះសំណាក់ យីហោ បៃតង ទួលសង្កែ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ក្រោយពីពួកគេធ្វើសកម្មភាពលួចដោះយកទូរទស្សន៍នៅក្នុងផ្ទះសំណាក់ យឺហោ បៃតង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចក្នុងផ្ទះសំណាក់ យឺហោ បៃតង ទួលសង្កែ ផ្លូវលេខ៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ២នាក់ ទី១-ឈ្មោះ បិន ស៊ុយទ្រី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់សាមគ្គី ខណ្ឌទួលគោក និងទី២-ឈ្មោះ ឃិន ពិសី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ចំណែកឯជនរងគ្រោះជាបុគ្គលិកក្នុងផ្ទះសំណាក់កើតហេតុខាងលើមានឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៦២៥អា ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ រឺឯសម្ភារ:ដកហូតរួមមាន រថយន្តធ្វើសកម្មភាពដឹកជញ្ជូនចំនួន មួយគ្រឿង ម៉ាក Vito ពណ៌ទឹកមាស គ្មានស្លាកលេខ, ទូរទស្សន៍ មួយគ្រឿង ម៉ាក Samsung ទំហំ ៣២អ៊ីញ, វ៉ាលីអូសចំនួន ១ ពណ៌ខ្មៅសម្រាប់ដាក់ទូរទស្សន៍លួចបាន, ទុល័រវ៉ិសចំនួន មួយដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនសង្ស័យប្រុសស្រី ២នាក់ខាងលើ បានជិះរថយន្ត មួយគ្រឿង ម៉ាក Vito ពណ៌ទឹកមាស គ្មានស្លាកលេខ បានមកជួលបន្ទប់លេខ ២០៣ ដើម្បីស្នាក់នៅ លុះដល់វេលាម៉ោង ១២ថ្ងៃត្រង់ ពួកគេទាំង ២នាក់បានចុះមកវិញ ថែមទាំងបានអូសវ៉ាលីមកជាមួយផង ហើយអ្នកដែលមើលការខុសត្រូវនៅផ្ទះសំណាក់ខាងលើ បានសុំកូនសោរបន្ទប់ពីពួកគាត់វិញ តែជនសង្ស័យប្រុសស្រី ២នាក់នោះ មិនព្រមប្រគល់កូនសោរបន្ទប់ឲ្យទៅអ្នកមើលការខុសត្រូវនៅទីនោះវិញទេ ។ ភ្លាមៗនោះ ដោយមានការសង្ស័យ ក៏បានដើរឡើងទៅបន្ទប់ជួលលេខ២០៣ ហើយយកកូនសោរទៅចាក់បន្ទប់ ស្រាប់តែបើកមើលទៅបានបាត់ទូរទស្សន៍នៅក្នុងបន្ទប់តែម្តង ។ ក្រោយមក អ្នកមើលការខុសត្រូវក៏បានចុះមកវិញ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនពួកគេទាំង ២នាក់នោះទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់