ព័ត៌មានជាតិ

ខ្លាំងបាត់! ជិះម៉ូតូបម្រុងកាប់ប្លន់ពីអ្នករត់ម៉ូតូឌុប ត្រូវកម្លាំងសមត្ថកិច្ចមកទាន់ចង់កាប់ទាំងសមត្ថកិច្ចទៀត!

ភ្នំពេញ: មុខសញ្ញាកាប់ប្លន់២នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពបម្រុងកាប់ប្លន់អ្នកម៉ូតូឌុបម្នាក់មិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ឈ្មោះ វាំង ស៊ីអៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវ ខណ្ឌចម្ការមន និងជនសង្ស័យទី២មានឈ្មោះ ចាន់ សូរិយា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបើករថយន្តដឹកថ្ម ស្នាក់នៅច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលទំនប់ទឹកកំពុងល្បាតពួនស្ទាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីការពាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយមានការរាយការណ៍ពីអ្នកម៉ូតូឌុបម្រុងកាប់ប្លន់ ក៏ដាក់កម្លាំងពួនស្ទាក់ស្រាប់តែលេចជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4712 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណ:ពេលនោះកម្លាំងនគរបាលទំនប់ទឹក ហៅឲ្យឈប់តែជនសង្ស័យទាំង២នាក់នោះមិនព្រមឈប់ទេ ថែមទាំងដកដាវស៊ាំម៉ូរ៉ៃ បម្រុងកាប់ទៅលើសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងហៅកម្លាំងបន្ថែមទៀតទើបឃាត់ខ្លួនភ្លាមៗតែម្តង ដោយដកហូតបាន ដាវស៊ាំម៉ូរ៉ៃ ម៉ូតូ១ដើម និងច្រវាក់ជាប់មេសោទុកសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ទំនប់ទឹកដើម្បីសាកសួរនិងធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅអធិការដ្ឋានចម្ការមនចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់