ព័ត៌មានជាតិ

Update៖ ផ្ទុះឌីស្យង់ទ័រឆេះផ្ទះលក់ចាប់ហួយមួយកន្លែងផ្អើលទាំងយប់!

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង បណ្តាលមកពីការផ្ទុះឌីស្យង់ទ័រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ សាន ចំណាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់ទីតាំងកើតហេតុខាងលើ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ មានការដាច់ចរន្តអគ្គីសនី រហូតមកដល់វេលាម៉ោងកើតហេតុស្រាប់តែមានចរន្តអគ្គិសនីបានតភ្ជាក់មកវិញ។ លុះក្រោយមកមួយសន្ទុះស្រាប់តែមានក្លិនឆ្ងៀម ពេលនោះគាត់ក៏មានឡើងបើកភ្លើងមើល ស្រាប់តែឃើញកន្លែងឌីស្យង់ទ័រមានបែកផ្កាភ្លើង ធ្វើឲ្យគាត់ភ័យរត់ចេញមកក្រៅនិងស្រែកឲ្យគេឯងជួយបង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ហើយបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្តរបស់ស្នងនគរបាលជាតិ ទើបរលត់ទៅវិញទាំងស្រុងតែម្តង។ ចំណែកការខូចខាតវិញ ខូចខាតត្រឹមតែសម្ភារ:នៅខាងក្នុងរងការខូចខាតអស់មួយចំនួនធំផងដែរ តែមិនមានមនុស្សរងរបួសនោះទេ។ ចំណែកមូលហេតុនៃការឆេះផ្ទះខាងលើ នេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ៕

មតិយោបល់