ព័ត៌មានជាតិ

ខ្លាំងបាត់ !​ បុកគេពីក្រោយហើយវាយគេអោយរបួសទៀត

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសអ្នករត់កង់បីម្នាក់ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកបុកពីក្រោយហើយបានព្រួតវាយបណ្តាលឲ្យរងរបួសដោយ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ចំណុចភ្លើងស្តុបមុខព្រលានថ្មីនៅតាមផ្លូវសហព័ន្ធរុស្សុី ក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទី១មានឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងបាញ់ថ្នាំគ្រឿងសង្ហារឹម ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី២មានឈ្មោះ មុត ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងបាញ់ថ្នាំ គ្រឿងសង្ហារឹមស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមការបំភ្លឺរបស់ជនរងគ្រោះមានឈ្មោះ មាស មករា បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើករ៉ឺម៉កកង់បីដឹកភ្ញៀវចេញពីភូមិព្រៃទា ដើម្បីមកផ្សារស៊ិនជូរី លុះមកដល់ចំណុចជិតស្តុបថ្មីបត់ចូលប្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែជនសង្ស័យ២នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក ស្សុយស៊ីគីស្មាស់វី ពណ៌ក្រហមពាក់ស្លាកលេខកណ្តាល 1S-2245​ ឌុបគ្នាមកហើយមកបុករ៉ឹម៉កកង់បីរបស់ជនរងគ្រោះពីក្រោយ ពេលនោះខ្លួនក៏បានឈប់រ៉ឺម៉កដើម្បីហៅជនបង្កធ្វើការសួរនាំ ស្របពេលនោះជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពវាយមកលើរូបជនរងគ្រោះតែម្តង ។
បន្ទាប់មកប្រជាពលរដ្ធនៅក្បែរកន្លែងកើតហេតុបានជួយឃាត់មិនឲ្យវាយ មកលើជនរងគ្រោះទៀតភ្លាមនោះសមត្ថកិច្ចមូលដ្ឋានដែលល្បាតឃើញក៏ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ។

ក្រោយមកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋលើកដាក់រ៉ឺម៉កកង់បីទៅពេទ្យចំណែកជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ចូនទៅផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់