ព័ត៌មានជាតិ

ចាប៉ីដងវែងខ្នាតយក្ស នឹងត្រូវដង្ហែចូលបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្តនារសៀលថ្ងៃទី១២មេសានេះ

សៀមរាប: ដើម្បីអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារអង្គរសង្រ្កាន្តបានរៀបចំចាប៉ីដងវែងដ៏ធំ ដើម្បីដាក់តាំងនៅក្នុងបរិវេណភូមិខ្ញុំជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។

ពិធីដង្ហែជាផ្លូវការនឹងប្រារព្ធឡើងនៅរសៀលថ្ងៃទី១២ ខែមេសា វេលាម៉ោង២រសៀល ចេញពីវត្តតាំងតុឆ្ពោះមកកាន់បរិវេណភូមិខ្ញុំខាងជើងប្រាសាទបាយ័ន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្ត អាជ្ញាធរជាតិអប្សរា និងសាធារណជនជាច្រើន។ ជាពិសេស ពិធីដង្ហែនេះនឹងមានវត្តមានលោកតា គង់ ណៃ និងសិស្សទាំងបីជំនាន់របស់លោកតាផងដែរ។

ចាប៉ីដងវែងខ្នាតធំ ដែលគ្រោងនឹងដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹង ប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ី ដែលមានប្រវែង៧,៧០ម៉ែត្រ ធ្វើអំពីឈើខ្មុរព្រៃ ដែលជាប្រភេទឈើម៉្យាងសម្រាប់ធ្វើឧបករណ៍ភ្លេងខ្មែរ ដូចជាស្គរ តាខេ ឃឹម ជាដើម។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕

មតិយោបល់