ព័ត៌មានជាតិ

Update : យុវជនរងគ្រោះព្រោះរថយន្តដឹកប្រេងឥន្ធនៈLHRបុកនៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះ សង្ស័យគ្មានសង្ឃឹមរស់ទេ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានករណីរថយន្តដឹកប្រេងឥន្ធន: LHR ១គ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ១ គ្រឿងបណ្ដាលឲ្យ​ យុវជនអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានឈប់ចតស្ងៀមហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កដឹកប្រេងឥន្ធន:ក្រុមហ៊ុន LHR ពាក់ស្លាកលេខក្រោយ ភ្នំពេញ 4A-8866 និងស្លាកលេខមុខ ភ្នំពេញ 3A-2015 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកយុវជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះឡើយ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-3378 រងរបួសបែកប្រអប់ដៃខាងស្ដាំខ្ទេចដូចគេដំ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់​ ប៉ុន្តែមិនដឹងថាអាចផុតពីសេចក្ដីស្លាប់ឬអត់នោះឡើយ ព្រោះរបួសធ្ងន់ពេក ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ យុវជនរងគ្រោះជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបាន បត់ឆ្វេងដៃឆ្លងផ្លូវក្នុងបំណងចូលទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។ ប៉ុន្តែទើបតែបត់បន្តិចក៏ស្រាប់តែមានរថយន្តបង្កបានបើកបរក្នុងទិដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនបានទៅដល់ល្មមហើយបានបុកនិងកិនទាំងម៉ូតូជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរតែម្ដង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល​ បន្ទាប់មកគេបានបញ្ជូនយុវជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់