ព័ត៌មានជាតិ

ខ្លាំងដៃម៉េស ! អុកឡុកវង់រាំធុងបាស់ហើយវាយនគរបាលនិងអនុប្រធានភូមិទៀត

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៨ និង ៣០ នាទីយប់ នៅចំណុច ផ្លូវបំបែកលោកយាយ ស ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល មានករណីហិង្សាដោយចេតនាបង្កដោយបុរសម្នាក់ឈ្មោះ ញ៉ែម បូរី ហៅក្រក បានឡើងទៅលើឆាកភ្លេងពេលគេកំពុងលេង រករឿងអុកឡុករំខានគេ ទើប ឈ្មោះ ស គឹមអ៊ន ឡើងទៅឃាត់ តែត្រូវបានឈ្មោះ ញ៉ែម បូរី ហៅ ក្រក ច្រានទម្លាក់ពីលើឆាក ធ្លាក់មកដី ផ្កាប់មុខបណ្តាលឲ្យរងរបួសបែកក្បាល ពេលនោះឈ្មោះ ប្រាក់ ណារិន ហៅក្រិន ជាមន្ត្រីនគរបាលប៉ុស្តិ៍អរិយក្សត្រ ដែលយាមការពារ មើលសណ្តាប់ធ្នាប់នៅទីនោះ ក៏ចូលទៅចាប់ឃាត់តែឈ្មោះ ញ៉ែម បូរី ហៅ ក្រកមិនព្រមស្តាប់ទេ ថែមទាំងរត់ទៅយកកាំបិត មកគប់ទៅលើឈ្មោះ ប្រាក់ ណារិន ហៅ ក្រិន បណ្តាលឲ្យរងរបួសដៃឆ្វេងធ្ងន់ ។

ប្រភពដដែលបន្តថា ជនរងគ្រោះទាំង ២ នាក់
១-ឈ្មោះ ប្រាក់ ណារិន ហៅ ក្រិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អរិយក្សត្រ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះ ស គឹមអ៊ន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានភូមិ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

រីឯជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ញ៉ែម បូរី (ហៅក្រក) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) វត្ថុតាងចាប់យកមាន កាំបិត ១ ដើម ។

បច្ចុប្បន្ន ឈ្មោះប្រាក់ ណារិន ហៅ ក្រិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ រីឯជនសង្ស័យសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់