ព័ត៌មានជាតិ

អ្នកចំរៀងម្នាក់បែកមុខ និងបាក់ជើង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ MSX ប៉ះជាមួយម៉ូតូ VIVA នៅខេត្តប៉ៃលិន

ប៉ៃលិន ភ្នាក់ងារ Post News Media ប្រចាំខេត្តប៉ៃលិនបានរាយការណ៍មកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ សន្លប់នៅនឹងកន្លែងកើតហេតុតែម្តង ខណ:ពេលដែលបុរសម្នាក់ បានបើកបរម៉ូតូម៉ាក MSX ពណ៌ក្រហម ក្នុងស្ថានភាពស្រវឹងជោគ ដោយបើកបរម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូ ១ គ្រឿងទៀត ម៉ាក Viva ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា លើបណ្ដោយផ្លូវជាតិលេខ ៥៧ យ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង២៥នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភ្នាក់ងារបន្តថា ជនរងគ្រោះទី១មានឈ្មោះ ឌី ថេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (រងរបួសធ្ងន់បែកមុខ និងបាក់ជើងស្ដាំ) បើកបរម៉ូតូម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ ជនរងគ្រោះទី២មានឈ្មោះ ឡុង សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកចម្រៀង រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (របួសធ្ងន់បែកមុខបែកក្បាល និងបាក់ជើងស្ដាំ បើកបរម៉ូតូម៉ាក Viva ពណ៌ក្រហម សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង-1H 4589 ។

ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុ ក្រុមការងារជំនាញនគរបាលចរាចរណ៍នៃស្នងការខេត្ត បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ រួចដឹកយកម៉ូតូជនរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនរងគ្រោះទាំង ២នាក់ ដោយសាររបួសធ្ងន់ពេក គ្រូពេទ្យបង្អែកខេត្តប៉ៃលិន បានបន្តដឹកបញ្ជូនជនរងគ្រោះ តាមរថយន្តសង្គ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕

មតិយោបល់