ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតអាវុធ១ដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់

កណ្តាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយដកហូតបានអាវុធមួយដើម រួមនឹងគ្រាប់កាំភ្លើងមួយចំនួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១យប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ហេង សុខដូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ដោយដកហូតបាន កាំភ្លើង AK47 (កាត់ស្វាយ)ចំនួន១ដើមលេខ ១៦១៦១០៤៤ ផលិតឆ្នាំ១៩៦៦(ចិន), បង់១ និងគ្រាប់២៨គ្រាប់។

មុនពេលកើតហេតុ ជនសង្ស័យមានសភាពស្រវឹងស្រាជោគជាំ ហើយបានកាន់កាំភ្លើងដូចបានរៀបរាប់ខាងលើដើរទៅ កន្លែងរាំធុងបាសក្នុងភូមិកើតហេតុ ពេលនោះត្រូវបានប្រជាជនឃើញ រាយការណ៍ជូនសមត្ថកិច្ចចុះទៅអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលាក់ទុកកាំភ្លើងខាងលើ នៅក្នុងលូក្បែរផ្ទះអស់រយ:ពេលជាង១០ឆ្នាំមកហើយ ដោយរើសបាននៅក្នុងបន្ទាយចាស់ពេលគេឈូសឆាយធ្វើបន្ទាយ ចាប់តាំងពីនោះមកខ្លួនមិនដែលយកទៅប្រើប្រាស់ឡើយ ទើបតែនៅថ្ងៃកើតហេតុខាងលើ ដោយសារខ្លួនផឹកស្រាស្រវឹងហើយក៏បានទៅយកកាំភ្លើងមកមើលរួចយកទៅទុកកន្លែងដើមវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង៕

មតិយោបល់