ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តកំពត៖ ចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃភ្ញៀវជាតិកើនឡើង តែភ្ញៀវអន្តរជាតិថយចុះ

កំពត: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តកំពត បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ២០១៧ នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍សរុបរហូតដល់ជិត១០ម៉ឺននាក់ ដែលជាចំនួនកើតឡើង បើធៀបទៅរយ:ពេលដូចគ្នា នៃពិធីចូលឆ្នាំនេះកាលពីឆ្នាំចាស់ ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបែរជាថយចុះ គួរឲ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តកំពត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរណ៍ដែលខេត្តកំពតទទួលបានសរុប មានចំនួន ៩២,៩១៩ នាក់ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់ កើនឡើង៣៥,៤៦%
ក្នុងនោះទេសចរណ៍ជាតិមាន ៩១,១៧២ នាក់ កើនឡើង៣៧,២០% ចំណែកទេសចរណ៍អន្តរជាតិវិញ មានចំនួន ១,៧៤៧នាក់ មានការថយចុះ ១៨, ៥៤% ។

ក្នុងឱកាសនៃពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គេសង្កើតឃើញថាភ្ញៀវទេសចរណ៍ ដែលបានមកកម្សាន្តនៅខេត្តកំពត បានទទួលភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយចំពោះរមណីយដ្ឋានដែលមានប្រជាប្រិយភាពជាងគេនោះ រួមមានរណីយដ្ឋានជ្រោះទឹកឈូ ទឹកធ្លាក់កោះតាដា និងលើកំពូលភ្នំបូកគោ ជាដើម។

ទន្ទឹមនឹងភាពសប្បាយរីករាយ និងកំណើននៃរបស់ភ្ញៀវទេសចរនេះ ឃើញថាតាមបណ្តាផ្លូវទៅកាន់រមណីយដ្ឋាននានា និងស្ពានកំពង់បាយឆ្លងព្រែក ក៏មានការកកស្ទះជាច្រើនម៉ោងដែរ ហើយម្យ៉ាងទៀតក៏បានធ្វើឲ្យភ្ញៀវមួយចំនួនតូចរអ៊ូរឿងតម្លើងថ្លៃនៃកន្លែងស្នាក់នៅ និងម្ហូបខ្លះៗផងដែរ ពិសេសរឿងគ្រឿងសមុទ្រតែម្តង៕

មតិយោបល់