ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃចូលឆ្នាំ ករណីហិង្សាកើតមានឡើង៦លើក មនុស្ស៩នាក់រងរបួសធ្ងន់និងស្រាលទូទាំងខេត្តកណ្តាល

កណ្តាល: យ៉ាងហោចណាស់ មនុស្សប្រុសស្រី៩នាក់ បានរងរបួសធ្ងន់និងស្រាល សម្រាប់រយ:ពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយផ្តើមចេញពី ការផឹកស្រវឹង រាំធុងបាសឌឺដងដាក់គ្នា និងជិះម៉ូតូប៉ាតម្សៅកៀរគ្នាទៅវិញទៅមក បង្កជាជម្លោះ។

បើតាមរបាយការណ៍ របស់ផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញថា ក្នុងរយ:ពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ករណីហិង្សាដោយចេតនាកើតមានឡើង៦លើក មនុស្ស៩នាក់រងរបួសធ្ងន់និងស្រាល។

សូមបញ្ជាក់ថា ករណីហិង្សាដោយចេតនាលើកទី១កើតឡើងនៅថ្ងៃទី១៤ មេសា ២០១៧ វេលាម៉ោង៣និង២០នាទី ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀន
ស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមានជនរងគ្រោះ៣ នាក់ ទី១ឈ្មោះ យាន ចាន់សុវណ្ណរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រងរបួសក្បាលផ្នែកខាងក្រោយ និងដៃខាងស្តាំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាយ័ន។ ទី២ឈ្មោះ ថោង ចិត្ត្រា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី៣.ឈ្មោះ ម៉ាង ព្រហ្មម៉ាញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចុងព្រែកសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរកីឡាប្រដាល់ រងរបួសស្រាល។ ចំណែកជនល្មើសមានគ្នា១ក្រុម ឃាត់ខ្លួនបានម្នាក់មានឈ្មោះ ភី រម្យរាជ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាងជួសជុលទូរសព្ទ ។ ក្នុងនោះក៏បានបណ្តាលឲ្យខូចខាតសម្ភារ:រួមមាន ម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាក លេខភ្នំពេញ
1FT-5914 ចំនួន១គ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1DD-8605 ចំនួន១គ្រឿង។ ដកហូតបានដាវកែច្នៃ១ប្រវែង០,៦២ម៉ែត្រ ដងរុំកៅស៊ូពោះវៀនកង់ឡាន ពណ៌ខ្មៅ និងដុំថ្មបេតុងចំនួន២ដុំ។ មូលហេតុ ផ្តើមចេញពីការផឹកស៊ី រួចបង្កជាជម្លោះតែម្តង។

ករណីទី២កើតហេតុថ្ងៃទី១៤មេសា ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុច ផ្លូវបំបែកលោកយាយ ស ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលឲ្យមានជនរងគ្រោះ២នាក់ ទី១ឈ្មោះ ប្រាក់ ណារិន ហៅក្រិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អរិយក្សត្រ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល និងទី២-ឈ្មោះ ស គឹមអ៊ន ភេទប្រុស អាយុ ៥៧ឆ្នាំ ជ មុខរបរអនុប្រធានភូមិ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម បូរី ហៅក្រក ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដកហូតបានកាំបិត១។ មូលហេតុ ផ្តើមចេញពីការផឹកស៊ី រាំកម្សាន្ត រហូតផ្តើមជាជម្លោះវាយនិងកាប់ទៅលើសមត្ថកិច្ចនិងអនុប្រធានភូមិដែលចូលទៅឃាត់ បណ្តាលឲ្យរបួសតែម្តង។

ករណីទី៣ កើតហេតុនៅថ្ងៃទី១៤មេសា ២០១៧ វេលាម៉ោង៤ និង៥៨នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល បណ្តាលឲ្យមានជនរងគ្រោះម្នាក់ឈ្មោះ ហ៊ំ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុ (របួសផ្ទៃមុខ) ផ្តើមចេញពីជនសង្ស័យ២ក្រុម (អ្នកលេង ប៉ាតម្សៅជាង១០នាក់) ទី១-ឈ្មោះ ផល រស្មី ហៅឡាយ ភេទប្រស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ(គេចខ្លួន) ក្រៅពីនេះពុំស្គាល់ អត្តសញ្ញាណ និងក្រុមម្ខាងទៀតជាអ្នកជិះម៉ូតូ មានគ្នា១០នាក់ ទី១ឈ្មោះម៉ក់ សុខេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកថី ឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្ដាល ក្រៅពីនេះពុំស្គាល់ឈ្មោះ (នៅភូមិព្រែកថ្មីជាមួយគ្នា។ ក្នុងក៏បណ្តាលឲ្យខូចខាតម៉ូតូ៣គ្រឿងផងដែរ។ ចំណែកមូលហេតុ ផ្តើមចេញពីការលេងប៉ាតម្ស៉ៅ ក៏បង្កជាជម្លោះវាយគ្នា ត្រូវចំនារីរងគ្រោះកំពុងដើរកាត់ តែម្តង។

ករណីទី៤ កើតហេតុថ្ងៃទី១៥មេសា ២០១៧ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យមានជនរងគ្រោះម្នាក់ ឈ្មោះ សំរិទ្ធ ចន្ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិឃុំកើតហេតុ (របួសម្រាមដៃ)។ ចំណែកជនសង្ស័យមានឈ្មោះ ថន វុទ្ធី ហៅចាម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ។ ដកហូតបាន កណ្តៀវខ្វាង ចំនួន១។ មូលហេតុ គឺផ្តើមចេញពីការផឹកស៊ីស្រវឹង។

ករណីទី៥ កើតហេតុថ្ងៃទី១៥មេសា ២០១៧ វេលាម៉ោង៥និង៤០នាទី នៅចំណុចមុខផ្ទះឈ្មោះ ពុធ ឃុត ស្ថិតក្នុងភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យមានជនរងគ្រោះម្នាក់ឈ្មោះ រិន ណារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្អមសំណរលើ ឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ជន ម៉ាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ ឃុំកើតហេតុ ជាមួយគ្នា។ ដកហូតបាន ដំបងមែកល្មត់១(មួយ) មានប្រវែង០,៨០ម៉ែត្រ។ មូលហេតុ បណ្តាលមកពីការផឹកស៊ីស្រវឹង បង្កជាទំនាស់ពាក្យសម្តីវាយគ្នាតែម្តង។

ករណីលើកទី៦ កើតហេតុថ្ងៃទី១៦មេសា ២០១៧ វេលាម៉ោង៩និង៣០នាទី នៅចំណុចវត្តឱង្ការាម ភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ បណ្តាលឲ្យមានជនរងគ្រោះឈ្មោះ ស៊ូវ សែត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (មានស្នាមដាច់លើបន្ទូលក្បាលដេរ១១ថ្នេរ)។ ចំណែកជនសង្ស័យមាន ឈ្មោះ យ៉េន ស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជន
ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តណ្ដាល (ឃាត់ខ្លួន)។ ដកហូតបានកាំបិតច្នៃ ធ្វើពីដែកផ្លែ រណាយក្សចំនួន១។ មូលហេតុ បណ្តាលមកពីការរាំធុងបាស បង្កជាជម្លោះតែម្តង៕

មតិយោបល់