ព័ត៌មានជាតិ

ស្រវឹង! កាមរីបាឡែនពន្លះម៉ូតូធូដេរពេញទំហឹង ប៉ើងអ្នកបើកម៉ូតូទៅចិញ្ចើមផ្លូវរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តកាមរីបាឡែនមួយគ្រឿង បុកពេញទំហឹងនៅចំណុចផ្លូវបែកជាបួន ខណ:ពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងផ្លូវ១០៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3310 ក្នុងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូហុងដា Today មួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ ពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូប៉ើងទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់។ បន្ទាប់មកម្ចាស់រថយន្តព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋឃាត់ទាន់ពេល និងបានប្រាប់ទៅកាន់ម្ចាស់រថយន្តថា កុំរត់ប្រយ័ត្នគេវាយ ហើយម្ចាស់រថយន្តក៏ព្រមឈប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើហេតុភ្លាមៗដើម្បីធ្វើការវាស់វែង និងទំនាក់ទំនងទៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងរង់ចាំក្រុមគ្រួសារជនរងគ្រោះមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់