ព័ត៌មានជាតិ

រន្ធត់ណាស់! ជនជាតិចិន បើករថយន្តបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់និងរបួស នៅព្រះសីហនុ

ព្រះសីហនុ: តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរារចណ៍ បង្កឡើងដោយរថយន្តបើកបរដោយជនជាតិចិន២នាក់ ជ្រុលចង្កូតបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងនិងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខផ្សារអូររ៉េន ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក តូយ៉ូតា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-5858 ជិះគ្នា២នាក់ជាជនជាតិចិន បើកបរក្នុងទិសដៅពី តោពីរ ឆ្ពោះទៅផ្សារលើ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកំណត់ហេតុ និងនាំយករថយន្តខាងលើមករក្សាទុក។ចំណែកសាកសព សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ៕

មតិយោបល់