ព័ត៌មានជាតិ

សាហាវណាស់! ទំនាស់រឿងព្រំប្រទល់ដីភូមិជាប់គ្នា នាំបងប្អូនហែករបងផ្ទះគេចូលកាប់បុរសម្នាក់ដល់ក្នុងផ្ទះរហូតដល់ស្លាប់

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់Post News ថា មានករណីហិង្សាដោយចេតនា មួយបានកើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន៣នាក់បងប្អូនបង្កើត បាននាំគ្នាចូលហែករបងផ្ទះគេ រួចធ្វើសកម្មភាពកាប់ប្រហារទៅបុរសម្នាក់ជាច្រើនកាំបិតរហូតដល់ស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទី ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការស្រុកក្រគរ បានបន្តថា ករណីហិង្សាដោយចេតនានេះ បង្កឡើងដោយ ជនសង្ស័យមានគ្នាចំនួន៣ នាក់ ទី១មានឈ្មោះ រ៉ែន រី អាយុ២៩ឆ្នាំ ភេទប្រុស, ទី២ឈ្មោះ រ៉ែន រ៉ា អាយុ២៧ឆ្នាំ ភេទប្រុស និងទី៣ឈ្មោះ រ៉ែន រ៉ូ អាយុ២៥ឆ្នាំ ភេទប្រុស។ ជនសង្ស័យទាំង៣នាក់នេះ ជាបងប្អូនបង្កើតរស់នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ធូ សាម៉េន អាយុ៣៩ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើសកម្មភាព ហែករបងចូលចូលទៅកាប់ជនរងគ្រោះ ដល់ក្រោមផ្ទះត្រូវជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។ ចំណែកឯជនបង្កទាំង៣នាក់បងប្អូនខាងលើ ក្រោយពីធ្វើសកម្មភាពបានរត់គេចខ្លួនបាត់។

ក្នុងនោះដែរ លោកអធិការបានបញ្ជាក់បន្ថែមថា មូលហេតុ បណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង គឺផ្តើមចេញពី ទំនាស់រឿងព្រំប្រទល់ដីភូមិជាប់គ្នា។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញជាច្រើននាក់ បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់