ព័ត៌មានជាតិ

ផ្អើលទាំងព្រលឹម! ស្រ្តីចំណាស់ម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូដឹកឆ្កែបុកស្លាប់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណ:ដែលស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវ ក៏ត្រូវម៉ូតូបើកបុកផ្លោងទៅមុខប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទាបភ្លឺ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ១៧០ ក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជិន សុខជា ភេទស្រី អាយុ ៦២ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅភូមិផ្សារក្រោម ឃុំចុងកោះ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកឯអ្នកបង្កមានឈ្មោះ កែវ រ៉ានី ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រីឯអ្នកជិះពីក្រោយបានរត់គេចខ្លួនបាត់ មានឈ្មោះ ឌី ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ អ្នកទាំង ២នាក់ជិះម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CC-5668។

ប្រភពព័ត៌មានដដែរឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ខណ:ដើរឆ្លងផ្លូវជិតផុតទៅហើយនោះ ស្រាប់តែមានម៉ូតូ ១គ្រឿងជិះគ្នា២នាក់ដឹកសត្វឆ្កែងាប់មួយបាវ ហើយជិះតាមផ្លូវជាមួយគ្នាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យផ្លោងទៅមុខជាង ១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមរថយន្តសាមយ៉ុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ កិតុមិលា ហៅមន្ទីរធំតែដោយអកុលដោយសារតែរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យទៅហើយ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋចាប់បានអ្នកបើកបរម៉ូតូបង្កបានម្នាក់ ចំណែកឯបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់ ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះបានសារភាពថា សត្វឆ្កែដែលពួកគេដឹកនោះ គឺគេដឹកចេញមកពីព្រែកក្តាមយកមកលក់ឲ្យម៉ូយនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវជារៀងរាល់ថ្ងៃ តែថ្ងៃនេះមិនទាន់ដឹកដល់កន្លែងលក់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង នឹងនាំខ្លួនអ្នកបើកបរម៉ូតូបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ នឹងប្រគល់សាកសពដល់ក្រុមគ្រួសារដឹកយកមកតម្កល់នៅវត្តសាវ័ន្ត ហៅវត្តទួលអស់លោក ដើម្បីធ្វើបុណ្យតាមប្រពៃណីរ៕

មតិយោបល់