ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយគាស់ផ្ទះពលរដ្ឋបានសម្រេចជាងកន្លះខែ

កណ្តាល: ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណី ចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ឃុន លាងឆេង ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្តដឹងថា ជនរងគ្រោះមានឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ អាជីវករ ស្នាក់ភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យទាំង៥នាក់ ទី១មានឈ្មោះ យ៉ុម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន),ទី២ឈ្មោះ ចាន់ថា សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន),ទី៣ឈ្មោះ លន លីម ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន),ទី៤ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំស្នាក់នៅភូមិក្បាល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន) និងជនសង្ស័យទី៥មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារ:ដែលបាត់បង់មាន៖ ខ្សែដៃមាស២ខ្សែទម្ងន់៣តម្លឹង,ខ្សែដៃប្លាទីន១ខ្សែ,ខ្សែកប្លាទីន១ខ្សែ,ចិញ្ចៀនប្លាទីន២វង់,ក្រវិលប្លាទីន១គូ,សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក។

ប្រភពដដែលបន្តថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ និងក្រុមគ្រួសារបានទៅចូលរួមធ្វើបុណ្យសែន ឆេងម៉េង នៅឯផ្ទះឪពុកមា ក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានចាក់សោបិទទ្វារផ្ទះទុកចោល និងបានផ្ដាំផ្ញើឈ្មោះ អឿន សុខុម ជាអ្នកលក់ទឹកអំពៅខាងមុខផ្ទះខ្លួនឲ្យជួយមើលផងដែរ ។ លុះនៅម៉ោងប្រមាណ៨និង៤០នាទី ថ្ងៃដដែល មានអ្នកជិតខាងបានឃើញទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះចំហ រួចដើរទៅមើល ក៏ក្រឡេកឃើញបន្ទប់ក្នុងផ្ទះចំហ ហើយមេសោ របូតនៅនឹងដី រួចក៏បានប្រាប់ឈ្មោះ អឿន សុខុម ពេលនោះ អឿន សុខុម ក៏បានទូរសព្ទទៅជនរងគ្រោះថា ផ្ទះជនរងគ្រោះត្រូវបានគេលួចគាស់ចូល ភ្លាមនោះជនរងគ្រោះបានធ្វើដំណើរត្រឡប់មកផ្ទះវិញភ្លាមៗ ។

ពេលមកដល់ជនរងគ្រោះ បានចាក់សោចូលក្នុងផ្ទះ ហើយបានឃើញបន្ទប់ដេករបស់ខ្លួនចំហ រួចក៏ចូលទៅក្នុងបន្ទប់ឃើញសម្លៀកបំពាក់ រប៉ាត់រប៉ាយពេញបន្ទប់ ហើយគ្រឿងអលង្កា និងអត្តសញ្ញាណប័ណ្ណ ដូចបានរៀបរាប់ក្នុងសម្ភារ:បាត់បង់ខាងលើ ដែលដាក់ទុកក្នុងទូរកញ្ចក់បានបាត់ពុំឃើញ។ ចំណែកឯទ្វារផ្ទះខាងក្រោយត្រូវបានបើកចំហ និងចម្រឹងដែកបង្អួចផ្ទះបាយមានស្នាមគាស់បំបាក់ចូល ។

បន្ទាប់មកទើបជនរងគ្រោះបានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន។ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន បានចុះពិនិត្យ ដល់កន្លែងកើតហេតុ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ទើប សមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះ យ៉ុម ភារម្យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ យ៉ុម ភារម្យ បានឆ្លើយថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពចូលគាស់ផ្ទះរបស់ឈ្មោះ ឃុន លាងឆេង ជាមួយនិងបក្ខពួកខ្លួន៤នាក់ទៀត មានឈ្មោះ ចាន់ថា សុជាតិ ឈ្មោះ ពៅ វណ្ណារ៉ា ឈ្មោះ លន លីម និង១នាក់ទៀតពុំស្គាល់ឈ្មោះ ។

បន្ទាប់មកសមត្ថកិច្ច បន្តស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត គឺឈ្មោះ លន លីម និង ចាន់ថា សុជាតិ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។ ក្នុងនោះដកហូតបាន៖ ចង្ក្រានដី១,ដំបងឈើត្នោត១កំណាត់ ប្រវែង១២៨ស.ម ទទឹង ១២ស.ម,មេសោទ្វារបន្ទប់១។

បច្ចុប្បន្នជនសង្ស័យ៣នាក់ឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់