ព័ត៌មានជាតិ

នាំសង្សារអង្គុយហូបខ្ចៅហើយដេកលក់មួយភាំងភ្ញាក់ឡើងចោរលួចម៉ូតូទៅបាត់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់ខណ:នាំសង្សារទៅអង្គុយហូបខ្ចៅស្ងោរ នៅម្ដុំមុខវត្តឧណ្ណាលោម ស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយងងុយដេកក៏បានដេកលង់លក់មួយភាំង ក៏ស្រាប់តែត្រូវបានចោរលួច ម៉ូតូ១គ្រឿងជិះគេចខ្លួនទៅបាត់ ចំណែកស្រ្តីជាសង្សាររបស់គេ មិនបានដេកលក់ទេ ប៉ុន្តែមិនដឹង ជាយ៉ាងម៉េចនោះទេ ទើបត្រូវចោរលួចយកម៉ូតូមិនដឹង ។ លុះក្រោយពេលកើតហេតុ បានធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹង ប៉ុន្តែពេលនោះនគរបាលចោមចៅ មិនបានទទួលពាក្យបណ្ដឹងនោះទេ ព្រោះហេតុការណ៏នោះ មិនមែនកើតឡើងនៅក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅឡើយ ទើបនគរបាលប្រាប់ឲ្យបុរសនោះ ទៅប្ដឹងនៅប៉ុស្តិ៍នគរបាលខណ្ឌដូនពេញនោះវិញ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តឧណ្ណាលោម ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរហូតដល់ វេលា៤ល្ងាច ថ្ងៃដដែល ទើបបុរសនោះបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីដាក់ពាក្យបណ្ដឹង ។

បុរសដែលជាជនរងគ្រោះឈ្មោះ ម៉ៅ សុភ័ក្រ្ត អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិថ្កូវ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកស្រ្តីដែលជាសង្សារឈ្មោះ ភាព សុជាតិ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ។ ដោយឡែកម៉ូតូដែលបាត់បង់នោះម៉ាក ZOOMER-X ពណ៌ទឹកក្រូចសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CC- 2139 ៕

មតិយោបល់