ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់បើករថយន្តងោកមួយភាំងបុករះរថយន្ត២គ្រឿងរួចបន្តបុកអ្នកដំណើរម្នាក់ទៀតរបួសធ្ងន់ផ្អើលទាំងយប់!

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ បើករថយន្តងោកមួយភាំង ជ្រុលទៅបុករះរថយន្ត២គ្រឿងទៀត ដែលកំពុងដែលចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត និងជ្រុលទៅបុកអ្នកដំណើរម្នាក់ទៀតរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៧០ នៅមុខហាងលក់បាយ យីហោ នំបញ្ចុកខ្មែរ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញស្ត្រីវ័យចំណាស់ ម្នាក់អាយុប្រហែល ៤០ឆ្នាំ បើករថយន្តបង្កម៉ាកឡិចស៊ីស 330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5757 ធ្វើដំណើរតាមបណ្តោយផ្លូវ៧០ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកគូទរថយន្តម៉ាក ម៉ាស្តា ២បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ2 .02-3358 ពេញទំហឹងបណ្តាលឲ្យរងការខូចខាតកន្ទុយក្រោយ ផ្នែកខាងឆ្វេងធ្ងន់ធ្ងរ ក្នុងពេលដំណាលគ្នានោះដែរ រថយន្ត ម៉ាស្តាក៏ខ្ទាតទៅបុកចំយុវជនម្នាក់វ័យប្រហែល២០ឆ្នាំជាង បណ្តាលឲ្យដួលគៀបជើងជាប់រងរបួសធ្ងន់។ មិនទាន់អស់ល្បឿនរថយន្តម៉ាស្តាក៏បន្តទៅបុកគូទបន្តរថយន្តម៉ាកតូយ៉ាតាព្រូសពណ៌សពាក់ស្លាកលេខ2U-4569 បណ្តាលឲ្យបែកស្តុបក្រោយចំហៀងខាងឆ្វេងទៀត ។

បើតាមសម្តីស្រ្តីម្ចាស់រថយន្តវិញបាននិយាយយ៉ាងខ្លីប្រាប់ថា ពេលបើកមកដល់ចំណុចកើតហេតុ រូបគាត់ហាក់ងងុយដេកមួយភាំង ហើយក៏បុករះដោយមិនដឹងខ្លួនយ៉ាងនេះទៅ។

ក្រោយពេលកើតហេតុភាគីទាំងអស់ បានធ្វើការសម្របសម្រួលគ្នាជាងមួយម៉ោងទើបត្រូវគ្នាដោយម្ចាស់រថយន្ត ឡិចស៊ីស៣៣០ ព្រមសងទៅឲ្យរថយន្តតូយ៉ាតាព្រួសចំនួន ១៧០ដុល្លារ ចំណែករថយន្តម៉ាស្តាវិញខាងរថយន្តបង្កព្រមយកទៅជួសជុលឲ្យដល់ក្រុមហ៊ុន ព្រោះរថយន្ត ម៉ាស្តានេះនៅមានបណ្ណ័ធានា ។ ដោយឡែកជនរងគ្រោះដែលរបួសគៀបជើងវិញ ខាងអ្នកបង្កសុខចិត្តចេញថ្លៃព្យាបាលឲ្យដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ មិនរំខានសមត្ថកិច្ចឡើយ ៕

មតិយោបល់