ព័ត៌មានជាតិ

ប៉ះពាល់សុខភាពខ្លាំងណាស់លោកអើយ ! ឆ្អឹងនិងសាច់មាន់ខូចគុណភាពជិត១តោន

បន្ទាយមានជ័យ: ភ្នាក់ងារ Post News ប្រចាំខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា ការហូរចូលប្រភេទសាច់មាន់ឆ្អឹងមាន់ជារៀងរាល់ថ្ងៃពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុង និងជង្គង់មាន់ខូចគុណភាពនាំចូលពីថៃ ។

ជាក់ស្តែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្ទាក់ចាប់បានសាច់មាន់ ឆ្អឹងមាន់ជិត១តោន ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងប្រាប់គេហទំពរ័នាគមាសថា មន្រ្តីរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន​ ស៊ីណាត បានចុះទៅស្ទាក់ចាប់បាននូវសាច់មាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុង និងជង្គង់មាន់ចំនួន៨២៥គីឡូក្រាម នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក ហុង លៀង បានបញ្ជាក់ទៀតថា សម្រាប់សាច់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីកាំកុងត្រូលរបស់លោក សហការជាមួយមន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍ សហការគ្នាយកទៅដុតកម្ទេចចោលនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅរសៀលថ្ងៃដដែលនេះ ។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យបញ្ឈប់ការនាំចូលរួមសាច់ បន្លែ និងផ្លែឈើ ព្រមទាំងទំនិញទាំងឡាយ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋខ្មែររបស់យើង ៕

មតិយោបល់