ព័ត៌មានជាតិ

Update : បញ្ជូនក្រុមជួញដូរគ្រឿងញៀន៣នាក់ដែលកម្លាំងអាវុធហត្ថខេត្តកណ្ដាលបង្ក្រាបបានជាបន្តបន្ទាប់មកតុលាការ

កណ្ដាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនក្រុមជួញដូរគ្រឿងញៀនដែលកម្លាំងអាវុធហត្ថខេត្តកណ្ដាល បង្ក្រាបបានជាបន្តបន្ទាប់៣នាក់ និងដកហូតថ្នាំ២៨កញ្ចប់មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យាការ ។

គួរបញ្ជាក់ថា ៖ អនុវត្តន៍តាមយន្តការដឹកនាំរបស់លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល លោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបបញ្ជាដល់កម្លាំងអាវុធហត្ថ ចេញបង្ក្រាបជនពាក់ព័ន្ធគ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន០៣ នាក់ និងដកហូតថ្នាំញៀន ២៨ កញ្ចប់ ។

នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ កម្លាំងអាវុធហត្ថខេត្តកណ្ដាល និងកម្លាំងអាវុធហត្ថស្រុកស្អាង ដឹកនាំផ្ទាល់ដោយលោក ពក សាង នាយរងសេនាធិការ និង មេបញ្ជាការស្រុុកស្អាង បានចុះឆែកឆេរឃើញថ្នាំញៀនចំនួន ៥ កញ្ចប់តូច រួមជាមួយជនសង្ស័យ ឈ្មោះ សុខ គ្រឿន បានសារភាពថា បានយកថ្នាំញៀនពី ឈ្មោះ ណែម ស៊ីថាវ បន្ទាប់មកកម្លាំងជំនាញបានឃាត់ខ្លួន ឈ្មោះ ណែម ស៊ីថាវ មានថ្នាំញៀនចំនួន ២កញ្ចប់តូច នៅក្នុងហោប៉ៅ ។

ដោយទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅវេលាយប់បន្តិច កម្លាំងអាវុធហត្ថបានចុះឆែកឆេរលំនៅឋាន របស់ឈ្មោះ ណែម ស៊ីថាវ រកឃើញគ្រឿងញៀនចំនួន ២១ កញ្ចប់តូច ប្រដាប់ប្រើប្រាស់ វេចខ្ចប់មួយចំនួន ។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង ០២ នាក់ខាងលើ បានទទួលទិញថ្នាំពីជនសង្ស័យឈ្មោះ រ៉ី រាជ្យ ហៅព្រីង នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ រ៉ី រាជ្យ នោះនៅចំណុចភូមិលេខ ០២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន ម៉ាទឹកកកចំនួន ២៨ កញ្ចប់តូច, ម៉ូតូចំនួន២គ្រឿង, ទូរសព្ទដៃចំនួន៣គ្រឿង ការងារនេះមានការសម្របសម្រួលនីតិវិធី ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់