ព័ត៌មានជាតិ

មានវានៅស្រុកខ្មែរមិនដឹងជាវិសេសវិសាលយ៉ាងណាទេ!

Mr. Trash Wheel គឺជាឈ្មោះនៃរហាត់ទឹកដ៏អស្ចារ្យមួយដែលមានសមត្ថភាពអាចសម្អាតបរិស្ថាននៅក្នុងទឹកទន្លេ បឹងបួរ បានយ៉ាងអស្ចារ្យ។ វាត្រូវបានប្រើសម្រាប់ស៊ីកាកសំណល់អណ្តែតលើផ្ទៃទឹកដែលបន្សល់ឡើងដោយមនុស្ស នៅតាមកំពុងផែ Baltimore Harbor ចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ។

បច្ចុប្បន្ន ពិភពលោកកំពុងចាប់អារម្មណ៍លើឧបករណ៍ប្រមូលសម្រាមដែលបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតនេះជាខ្លាំង ដោយសារតែវាអាចប្រមូលសម្រាម និងកាកសំណល់ផ្សេងៗបាន យ៉ាងច្រើនសន្ធឹកសន្ធាប់ និងដោយស្វ័យប្រវត្តិ។ ម្យ៉ាងទៀត Mr. Trash Wheel នេះ មិនត្រូវការប្រេងម៉ាស៊ីនអ្វីឡើយ គឺវាអាចបង្កើតថាមពលដោយខ្លួនឯងតាមរយ:ចរន្តទឹកហូរកាត់កង់រហាត់ទាំងសងខាង ហើយនៅពេលដែលមានគ្រប់គ្រាន់ វានឹងចាប់ផ្តើមលេបយកកាកសំណល់ដែលអណ្តែតលើផ្ទៃទឹកចូលក្នុងមាត់តាមអណ្តាតរបស់វាតែម្តង។

យោងតាមគេហទំព័ររបស់ Waterfront Partnership of Baltimore បានឱ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ មក Mr. Trash Wheel បានប្រមូលសម្រាម គិតជាតួលេខផ្លូវការ ពីទន្លេ Jones Falls បានចំនួន ១,០៩៤,៣៤០ ផោន ក្នុងនោះ មានរាប់បញ្ចូលកន្ទុយបារីចំនួន ៨,៩៦៥,៦០០ សម្បកកំប៉ុងផ្លាស្ទិក ៣៧២,៦៥៩ និងថង់ច្រកម្ហូបអាហារចំនួន ២៥៧,៣៣៧។

Mr. Trash Wheel ដ៏គួរឱ្យស្រឡាញ់នេះ មិនត្រឹមតែជួយថែរក្សាបរិស្ថានក្នុងទឹកឱ្យបានស្អាតប៉ុណ្ណោះទេ តែវាក៏អាចបង្កើតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តាមរយ:ការបំប្លែងសម្រាមដែលប្រមូលបានផងដែរ។

យោងតាមសេចក្តីរាយការណ៍ពី Business Insider ក្រុមហ៊ុន Waterfront Partnership of Baltimore ដែលជាម្ចាស់គម្រោង Trash Wheel កំពុងធ្វើការរៃអង្គាសថវិកាសម្រាប់ការបង្កើត Trash Wheel ទីពីរ ដែលអាចជា Mrs. Wheel៕

ប្រភពព័ត៌មាន: mashable

មតិយោបល់