ព័ត៌មានជាតិ

ប្រទះឃើញសពបុរសសញ្ជាតិស៊ុយអ៊ែតដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

ព្រះសីហនុ: ភ្នាក់ងារPost News ថា មានករណី ប្រទះឃើញសពជនបរទេសសញ្ជាតិស៊ុយអ៊ែតម្នាក់ ដេកស្លាប់នៅលើគ្រែពូកក្នុងផ្ទះជួលបន្ទប់លេខ៨ ជាន់ផ្ទាល់ដីជាប់បឹងកាឡូមានរិទ្ធ មុខផ្ទះសំណាក់ ហាចហ៊ុន។

សពបុរសជនបរទេសដែលដេកស្លាប់ហើមស្អុយ ហើយគ្មានសម្លៀកបំពាក់នេះ គេប្រទះឃើញនៅម៉ោងប្រហែល៤រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្រុម៣ភូមិ៣ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសស៊ុយអ៊ែតនេះបានស្លាប់ជាច្រើនថ្ងៃមកហើយ។ មុនពេលប្រទះឃើញសពនេះ បើយោងតាមការអះអាងឈ្មោះ ពៅ ម្ចាស់ផ្ទះជួលបាននិយាយប្រាប់សមត្ថកិច្ចថា មុនដំបូងម្ចាស់ផ្ទះបានចេញទៅបោសសម្អាតមុខបន្ទប់ ហើយខណ:នោះក៏មានធំក្លិនស្អុយភាយៗ ចេញមកពីក្នុងបន្ទប់។ ដោយមានការសង្ស័យម្ចាស់ផ្ទះក៏បង្ហើបបង្អួចមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ហើមស្អុយរលួយរុយរោមពេញរាងកាយសពទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ LONNSTROM ROGER ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិ ស៊ុយអ៊ែត មុខរបរជា និវត្សន៍ជន កាន់លិខិតឆ្លងដែនលេខ 92305645 មានសុពលភាពដល់ថ្ងៃទី ០១.១២.២០២១ ទិដ្ឋាការលេខ EI 01112404 មានសុពលភាពដល់ថ្ងៃទី ០១.០៨.២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើយោងតាមការអះអាងពីម្ចាស់ផ្ទះជួលឈ្មោះ ឈួន យ៉េន ភេទប្រុសអាយុ ៤៩ឆ្នាំ បានរៀបរាប់ថា ជនរងគ្រោះបានមកជួលបន្ទប់លេខ៨ ស្នាក់នៅមានរយ:ពេលជិត១ខែមកហើយ គឺគាត់បានមកជួលកាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៧ ។ ពាក់ព័ន្ធនិងការស្លាប់ជនបរទេសនេះដែរ បើឆ្លងតាមការត្រួតពិនិត្យនិងសន្និដ្ឋានជាជំហ៊ានដំបូងរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោត រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បាននិយាយថា ជនរងគ្រោះសពស្លាប់ដោយសារគាំងបេះដូង ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យហើយនោះសពបានដឹកបញ្ជូនយកទៅរក្សាទុក បណ្តោះអាសន្ន នៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីដំណើរការនីតិវិធីច្បាប់បន្ត៕

មតិយោបល់