ព័ត៌មានជាតិ

ឃាត់ខ្លួនកូនថៅកែខារ៉ាអូខេម្នាក់ យកដំបងវាយអ្នករត់កង់បីម្នាក់របួសដេរ១៥ថ្នេរ

ព្រះសីហនុ: ជនសង្ស័យម្នាក់ ជាកូនថៅកែខារ៉ាអូខេមួយកន្លែង ត្រូវបានកម្លាំង អាវុធហត្ថក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានបង្កហិង្សាវាយទៅលើអ្នករត់កង់បីម្នាក់ រងរបួសធ្ងន់ ដេរ១៥ថ្នេរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងខារ៉ាអូខេឈ្មោះ រាត្រី សំនៀង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។

អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ សាន់ សាឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅចំណុចកើតហេតុខាងលើ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខៀវ សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុម៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យ ថាបានយកដំបងវាយខ្លួន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដេរអស់ចំនួន១៥ថ្នេរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់