ព័ត៌មានជាតិ

រកស៊ីជួញដូរមនុស្សបាន២ឆ្នាំ កម្មតាមដល់ តុលាការសម្រេចឃុំខ្លួនសិន ចាំកាត់ក្តីតាមក្រោយ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នលើជនជាប់ចោទ ជាបុរសជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធករណី នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទី១ឈ្មោះ ស្រាប លីអេង ភេទស្រី អាយុ ៣៤ឆ្នាំ និងទី២ ជាបុរសជនជាតិចិន (មិនស្គាល់ឈ្មោះ) ត្រូវបានលោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ការនាំមនុស្សចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៥ ដល់២០១៧ យោងតាមមាត្រា ១០នៃច្បាប់ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ២៦ ផ្លូវលំក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

មតិយោបល់