ព័ត៌មានជាតិ

ជិះរថយន្តទៅលេងរមណីយដ្ឋានទឹកធ្លាក់ មកវិញបុកបង្កាន់ដៃស្ពានពេញទំហឹងយ៉ាងហោចណាស់មនុស្សជាង១០របួសធ្ងន់ស្រាល

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តស៊ាំយ៉ុងមួយគ្រឿងដឹកអ្នកដំណើរទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យមនុស្សចំនួនជាង១០នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវក្រាលក្រួសក្រហម ក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់ខាងលើនេះ គឺជាប្រភេទរថយន្តម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2AC-5741 ដឹកអ្នកទៅលេងរមណីយដ្ឋានទឹកធ្លាក់ ច្រកល្អៀង លុះពេលត្រឡប់មកវិញដល់ចំណុចស្ពាន១២០ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរងរបួសមនុស្សចំនួន១៤នាក់ ក្នុងនោះមាន១០របួសធ្ងន់ (ស្រីម្នាក់) និងរបួសស្រាល៤នាក់ (ស្រីម្នាក់) បើកបរក្នុងទិសដៅពីលិចទៅកើត
បើកបរដោយឈ្មោះ និល ផល្លា អាយុ៣២ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)។ ចំណែកជនរងគ្រោះទាំងអស់ ស្នាក់នៅស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់ខេត្តកំពង់ឆ្នាំង បានមកដឹកជនរងគ្រោះទាំងអស់ យកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ចំណែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋឈើតុំ៕

មតិយោបល់