ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបាន២នាក់ តែអ្នកចែកចាយម្នាក់រត់រួច

កំពត: ភ្នាក់ងារPost News ប្រចាំខេត្តកំពតបានរាយការណ៍មកថា កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងសង្កែ ចេញល្បាត ចៃដន្យ ជួបមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក៏បង្ក្រាបបានភ្លាមៗតែម្តង តែដោយឡែកអ្នកចែកចាយរត់រួចខ្លួន។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២និង២៥ នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចស្ពានក្បាលរមាស់ លើផ្លូវជាតិលេខ៣៣ ក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ​ ខេត្តកំពត។

បើតាមលោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការ ស្រុកទឹកឈូ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ាត់ លេស ភេទប្រុស អាយុ២២ឆ្នាំ ម្នាក់ទៀតឈ្មោះ លីវ ចាន់ដារិទ្ធិ ភេទប្រុស អាយុ២៦ ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់គ្រឿងញៀន ។
ចំណែកម្នាក់ទៀត ឈ្មោះ ហ៊ំ គីយ៉ើ​ ភេទប្រុស អាយុ២៩ ឆ្នាំ ជាជនជាតិឥស្លាម មុខរបរជាអ្នកចែកចាយគ្រឿងញៀន បានរត់គេចខ្លួន ខណ:ឃើញសមត្ថកិច្ច អ្នកទាំង៣នាក់ រស់នៅ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។

ប្រភពដដែលបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចរកឃើញបានគ្រឿងញៀន១កញ្ចប់ធំ និងសម្ភារ:ជក់មួយចំនួន ព្រមទាំងដកហូតបានម៉ូតូចំនួន២គ្រឿង ទី១ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK- 9907 និង១គ្រឿងទៀតម៉ាក់ សង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1A- 5880។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននាំខ្លួនទៅកាន់អធិការនគរបាលស្រុកដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់