ព័ត៌មានជាតិ

មិនរៀងចាល! ស្រ្តីម្នាក់សម្រាលកូនបាន៦ថ្ងៃ ឆ្លៀតលក់ថ្នាំញៀននៅក្នុងពេទ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: តាមសេចក្តីរាយការណ៍មកថា ស្ដ្រីម្នាក់ទើបសម្រាលកូនបាន៦ថ្ងៃ និងបក្ខពួក២នាក់ ឆ្លៀតឱកាសលក់ថ្នាំញៀនក្នុងមន្ទីរពេទ្យបង្អែក ហើយក៏ត្រូវសមត្ថកិច្ចឆ្លៀតឱកាសបង្ក្រាបបានផងដែរ។

ការចុះប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ស្ដ្រីជនសង្ស័យដែលកម្លាំងបង្ក្រាបបាននេះ ឈ្មោះ ធី កញ្ញា អាយុ៣១ឆ្នាំ រស់នៅភូមិក្រោលគោ ខេត្តស្វាយរៀង ហើយទើបសម្រាលកូនបាន៦ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែឆ្លៀតលក់គ្រឿងញៀននៅក្នុងពេទ្យទៀត។ ដោយឡែកបក្ខពួក២នាក់ទៀត ឈ្មោះ ឈុន សេងហូង ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ លីវ ស៊ីវ៉ា ភេទប្រុស ជនជាតិចិន អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន វត្ថុតាងថ្នាំញៀន ៨កញ្ចប់ និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូន​​ទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿង​ ចាត់ការតាមនីតិវិធី​ច្បាប់៕

មតិយោបល់