ព័ត៌មានជាតិ

ការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀនរងការរិះគន់ធ្ងន់ៗ ព្រោះតែធ្វើការខុសនីតិវិធី

ភ្នំពេញ: សមត្ថកិច្ចនគរបាលការិយាល័យ ក៩ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញបានរងការរិះគន់ និងការសួរដេញដោលប្រកបដោយភាពមន្ទិលជាខ្លាំង និងទទួលរងការរិះគន់ថាធ្វើការងារមិនស្របតាមនីតិវិធី ពីសំណាក់ក្រុមប្រឹក្សាជំនុំជម្រះ និងមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

តើអ្វីទៅជាភាពមន្ទិលសង្ស័យ និងភាពគួរឲ្យរិះគន់ នៃអង្គសវនាការនោះ?

នៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះ ដែលមានលោក តុប ឈុនហេង ជាប្រធាននោះ លោក ព្រឿង ភាព តួនាទីជានាយរងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ ក៩នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គសវនាការថា សមត្ថកិច្ចជំនាញ បានរៀបចំវិធានញុះញង់ ទិញគ្រឿងញៀនប្រភេទ ម្សៅក្រាមមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,១៣៦ក្រាម(ជាង ១គីឡូក្រាម) និងគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន៦សុង ស្នើនឹង ១,៩១៧ក្រាម (ជិត២គីឡូក្រាម) មានតម្លៃជិត ៩ម៉ឺនដុល្លារ ពីជនជាប់ចោទឈ្មោះ ភ៊ំ ម៉ាឡាត ខាំពុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជនជាតិឡាវ ដែលមកស្នាក់នៅក្នុងក្រុងភ្នំពេញ។
ក្រោយមកជនជាប់ចោទបានទាក់ទងទៅភ្នាក់ងារនៅខេត្តស្ទឹងត្រែង តាមទូរសព្ទ ឲ្យផ្ញើគ្រឿងញៀនមកតាមរយ:រថយន្តឈ្នួល ដែលមានអ្នកបើកបរឈ្មោះ ជា ប៊ុនទុង ដែលចេះភាសាឡាវ។

សមត្ថកិច្ចដដែលបានបន្ដថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានចាប់ខ្លួនជនជាប់ចោទ និងអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងគ្រឿងញៀនខាងលើ និងទូរស័ព្ទដៃរបស់ជនជាប់ចោទ ចំនួន ២គ្រឿង (សាំស៊ុង ១គ្រឿង និង Nចុចពិល ១គ្រឿង)។

លោកថា ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបានសាកសួរអ្នកបើកបររថយន្តដឹកគ្រឿងញៀននោះ និងបានស្នើសុំគោលការណ៍ពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ ឲ្យដោះលែងទៅវិញដោយសារតែមិនការពាក់ព័ន្ធទេ គឺគ្រាន់តែដឹកមកឲ្យជនជាប់ចោទ តាមរយ:បុរសម្នាក់ផ្ញើមកនៅចំណុចអូរពងមាន់ ថាជាគ្រឿងចម្លាក់។

ទោះជាមានការដោះលែងអ្នកបើកបររូបនោះឲ្យមានសេរីភាពវិញក៏ដោយចុះ ក៏កំណត់ហេតុសួរចម្លើយជននោះ គួរតែមានដែរ ប៉ុន្តែគ្មានឡើយ នេះជាការអះអាងរបស់លោក ព្រឿង ភាព ថាសមត្ថកិច្ចអត់បានបញ្ជូនកំណត់ហេតុនោះទៅតុលាការទេ ព្រោះមិនពាក់ព័ន្ធ។

ថាកំណត់ហេតុសួរចម្លើយអ្នកដឹកគ្រឿងញៀនទៅចុះ សមត្ថកិច្ចមិនបានបញ្ជូនទៅកាន់តុលាការ ចុះចំណែក ទូរសព្ទ២គ្រឿង រួមទាំងស៊ីមកាតដែលជនជាប់ចោទប្រើប្រាស់ដើម្បីទាក់ទងគ្នា ក្នុងការទាក់ទងទិញ និងដឹកជញ្ជូនគ្រឿងញៀនពីខេត្តស្ទឹងត្រែងមកដល់ភ្នំពេញនោះ បែរជាសមត្ថកិច្ច មិនបានសរសេរ ចូលក្នុងកំណត់ហេតុដកហូតវត្ថុតាង និងមិនបានបញ្ជូនទៅកាន់តុលាការនោះទេ។ ផ្ទុយទៅវិញបែរជាបាត់ស្រមោលសូន្យឈឹង ក្រោមហេតុផលថា មិនមានការពាក់ព័ន្ធនឹងសំណុំរឿងទៅវិញ ដែលវាហាក់ផ្ទុយស្រលះពីការចែងនៅក្នុងមាត្រាច្បាប់។

នេះហើយជាតំរុយគួរឲ្យមានមន្ទិលសង្ស័យ និងមានភាពមិនអស់ចិត្តបំផុតរបស់ក្រុមប្រឹក្សាជំនុំជម្រះ និងអង្គសវនាការទាំងមូល រហូតចៅក្រម និងមេធាវី បានសួរម្តងហើយម្តងទៀតទៅកាន់តំណាងសមត្ថកិច្ច ពីមូលហេតុនៃការមិនបញ្ជូនរបាយការណ៍ និងវត្ថុតាងសំខាន់ៗបំផុត មួយចំនួន មកកាន់តុលាការ។

ពាក់ព័ន្ធករណី នគរបាលយុត្តិធម៌ចាប់បានវត្ថុតាង ដើម្បីប្រើក្នុងការប្រព្រឹត្តបទល្មើសមួយ ប៉ុន្តែនគរបាលយុត្តិធម៌បែរជា មិនសរសេរក្នុងកំណត់ហេតុចាប់យក និងមិនបានបញ្ជូនទៅតុលាការ ជាមួយជនសង្ស័យ បែបនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន​ឲ្យក្រុមអ្នកសារព័ត៌មានដឹង​តាមរយ:​បណ្ដាញ​ទំនាក់ទំនង​សង្គម Telegram នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះថា ៖
ពាក់ព័ន្ធ​ករណីខាងលើ​នេះលោកពិនិត្យឃើញថា​
-ផ្អែកតាមមាត្រា​ ៩២​ និង​ ១១៣​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​ មន្ត្រីនគរបាលយុត្តិធម៌អាចចាប់យកវត្ថុតាងបាន​ ប៉ុន្តែត្រូវគោរពលក្ខខណ្ឌទម្រង់ដែលតម្រូវឱ្យបិទស្លាក​ បោះត្រា​ បង្ហាញដល់សាក្សី​ និងធ្វើជាកំណត់ហេតុ​ ជាអាទិ៍។​ ហើយលក្ខខណ្ឌទម្រង់នេះ​ កាលណាមិនគោរពតាមអាចត្រូវបានគេប្តឹងមោឃភាពកិច្ចនីតិវិធីនេះបាន។
-ដោយឡែក​ ក្នុងករណីការចាប់យកវត្ថុតាង​បាន​ហើយ ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌មានចេតនារក្សាទុក​ឬបំបាត់​ដោយ មិនបញ្ជូនទៅតុលាការ​ ពោលគឺធ្វើជាថាគ្មានវត្ថុតាង​ នោះជាការបំពានសកម្មភាពតុលាការ​ ដែលមានចែងក្នុងមាត្រា​ ៧៥​ នៃក្រមនីតិវិធី។
-ករណីបែបនេះ មានកំណត់ជាបទល្មើសតាមមត្រា៥៣៣ (បទលុបបំបាត់វត្ថុតាង) នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា៖ អំពើលុបបំបាត់ ឬផ្លាស់ប្តូរទីកន្លែង ឬយកវត្ថុណាមួយក៏ដោយ នៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឱ្យឃើញនូវការពិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។

យោងតាមមាត្រា ១០៧ (ការបញ្ជូនកំណត់ហេតុទៅព្រះរាជអាជ្ញា) នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបានចែងថា៖

ក្រោយការបញ្ចប់ការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ជូនកំណត់ហេតុ និងវត្ថុតាងទាំងអស់ទៅព្រះរាជអាជ្ញា។

កាលបុគ្គលណាមួយត្រូវបញ្ជញនទៅព្រះរាជអាជ្ញា នោះការបញ្ជូនកំណត់ហេតុ និងវត្ថុតាង ត្រូវធ្វើជាមួយការបញ្ជូនខ្លួនបុគ្គលនោះដែរ។

លោក ទេព បញ្ញា មេធាវីការពារសិទ្ធិជនជាប់ចោទ បានសម្តែងការខកចិត្តចំពោះពាក្យយកលេសដោះសាររបស់សមត្ថកិច្ច និងបានរិះគន់សមត្ថកិច្ច ពាក់ព័ន្ធករណី ធ្វើឱ្យបាត់វត្ថុតាង ទូរសព្ទ និងស៊ីមកាត ដែលគេអាចដឹងនូវសម្តីឆ្លើយឆ្លងគ្នារវាងជនជាប់ចោទ និងបក្ខពួក រួមទាំងការឆ្លើយឆ្លងគ្នារវាងជនជាប់ចោទជាមួយអ្នកបើកបររថយន្តដឹកគ្រឿងញៀននោះផង។ មេធាវីរូបនេះបាន ស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះមេត្តា កោះហៅ អ្នកបើកបររថយន្ត និងសាក្សីសំខាន់ៗជាច្រើននាក់ទៀត ដទៃទៀតដែលជាអ្នកបន្លំធ្វើអ្នកទិញគ្រឿងញៀន រួមមានទាំងលោក យឹម បញ្ញារិទ្ធ ជាប្រធានការិយាល័យ ក៩ និងជាអ្នកប្រើវិធានញុះញង់បញ្ជាទិញគ្រឿងញៀនពីជនជាប់ចោទផ្ទាល់ មកឆ្លើយតទល់គ្នាជាមួយជនជាប់ចោទ ដើម្បីឲ្យដឹងសខ្មៅ ខណ:ដែលកូនក្តីលោក អះអាងថា រូបគេសូមច្រានចោលនូវរាល់ចម្លើយមុនគ្រប់ដំណាក់កាល និងជាពិសេសដំណាក់កាលនគរបាលយុត្តិធម៌ ព្រោះនគរបាលបាន ធ្វើកំណត់ហេតុជាភាសាខ្មែរ និងបានចាប់ដៃគេឲ្យផ្តិតមេដៃលើកំណត់ហេតុ ដោយគ្មានបានអានជាភាសាឡាវឲ្យរូបគេស្តាប់នោះទេ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មះ ភ៊ំ ម៉ាឡាត ខាំពុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជនជាតិឡាវ ត្រូវបានលោក សេង ហៀង តំណាងអយ្យការ ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា សង្កាត់ស្រះចក ខណ្ឌដូនពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ព្រោះតែការស្នើសុំរបស់ជនជាប់ចោទ និងមេធាវីឲ្យមានការកោះហៅអ្នកពាក់ព័ន្ធឲ្យមកឆ្លើយតទល់គ្នា រួមទាំងនៅមានភាពមិនទាន់ច្បាស់លាស់នៅឡើយលើសំណុំរឿងនេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានលើកពេលបន្តសវនាការនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់