ព័ត៌មានជាតិ

កាយដីពង្រាបឲ្យស្មើរ បែរជាឃើញគ្រាប់សឺវែនធីណៃ៣១គ្រាប់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ កាយដីពង្រាយឲ្យស្មើរបែរជាប្រទះឃើញគ្រាប់សឺវែនធីណៃឬm79ចំនួន៣១គ្រាប់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧ ហើយបានរាយការណ៍ប្រាប់អជ្ញាធរ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីលោក ហេង គង់ អាយុ៥៧ឆ្នាំ មុខរបររត់រម៉កកង់បី ដែលជាម្ចាស់ផ្ទះនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្អូនម្នាក់ទៀត បានកាយពង្រាយដី នៅក្បែរផ្ទះក៏ប្រទះឃើញគ្រាប់ទាំងនេះ ហើយនៅព្រឹកថ្ងៃទី២៦នេះទើបរាយការណ៍ប្រាប់អជ្ញាធរ ព្រោះខ្លាចវាផ្ទុះបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

លោកបានបន្តថា ដីដែលលោកពង្រាយឲ្យស្មើរនេះគឺលោកទិញគេចំនួន១ឡានដើម្បីចាក់ដីផ្ទះឲ្យខ្ពស់ហើយពេលពង្រាយដីទៅឃើញគ្រាប់ទាំងនេះតែម្តង។

ក្រោយពេលកើតហេតុអជ្ញាធរបានទាក់ទងសមត្ថកិច្ចជំនាញដើម្បីឲ្យយកគ្រាប់ទាំងនេះទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់