ព័ត៌មានជាតិ

មានអ្នកណាស្គាល់ទេ! ស្រ្តីម្នាក់កាន់រូបថតតាមរកប្អូនស្រីពៅដែលបាត់ខ្លួនជិត១០ថ្ងៃ

ភ្នំពេញ: ស្រ្តីម្នាក់បានកាន់រូបថតប្អូនស្រីពៅ បង្កើតរបស់ខ្លួនជាច្រើនសន្លឹក ទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំឲ្យជួយអន្តរាគមន៏ កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដោយគាត់បានអះអាងប្រាប់នគរបាលថា ប្អូនស្រីរបស់គាត់ដែលមាននៅក្នុងរូបថតនោះ បានបាត់ខ្លួនអស់រយ:ពេលជិត១០ថ្ងៃកន្លងមកហើយ មិនដឹងជាទៅទីណា មិនតែប៉ុណ្ណោះគាត់ក៏បាន សង្ស័យថាប្អូនស្រីពៅគាត់ម្នាក់នោះ លង់ខ្លួនទៅតាមការអូសទាញពីអ្នកជិតខាងផងដែរ។

ក្មេងស្រីជំទង់ដែលបានចាកចេញពីផ្ទះ បង្កឲ្យក្រុមគ្រួសារមានការព្រួយបារម្ភនោះឈ្មោះ ភឺន ស៊ីយ៉ា អាយុ១៦ឆ្នាំ មានឪពុកឈ្មោះ ជ្រុយ ភឺន អាយុ៦៣ឆ្នាំ និងម្ដាយឈ្មោះ តោ យ៉ា អាយុ៥៤ឆ្នាំ រីឯបងស្រីដែលកាន់រូបថតតាមរកនាងនោះឈ្មោះភឺន នាង អាយុ៣៨ឆ្នាំ មានទីលំនៅ នៅក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ស្រ្តីជាបងបាននិយាយថា គាត់មានបងប្អូន៣នាក់ ហើយនាងដែលបាត់ខ្លួននោះ គឺជាកូនពៅគេហើយនាង ទើប ឈប់រៀនរយ:ពេលឆ្នាំប៉ុណ្ណោះ នាងបានបាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែមេសា ដោយបាននាំកយទៅម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ហើយគាត់មិនបានចាំ ស្លាកលេខម៉ូតូនោះទេ។ ការដែលប្អូនស្រីគាត់នៅសុខៗបែរជាចាកចេញពីផ្ទះបែបនេះ គាត់សង្ស័យថាមាន ស្រ្តីមេម៉ាយកូនមួយម្នាក់ ឈ្មោះម៉ី អាយុជាង២០ឆ្នាំ ដែលជាអ្នកភូមិជាមួយគ្នា អូសទាញទៅជាមួយ។ ហើយ ស្រីម៉ី នោះជាអ្នកភូមិជាមួយគ្នាមែន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះមិនដែលនៅផ្ទះទេ គឺបានចាកចេញពីផ្ទះមកធ្វើការនៅភ្នំពេញហើយមិនបានដឹងថាធ្វើអ្វីនោះឡើយ។

ដោយឡែកកាលពីមុនពេលចូលឆ្នាំខ្មែរ រយ:ពេល១ខែ ស្រាប់តែលេចមុខស្រីមេម៉ាយខាងលើនោះទៅផ្ទះ ហើយបានអូសទាញប្អូនស្រីគាត់ឲ្យលួចចាកចេញពីផ្ទះ បែបនេះ មិនតែប៉ុណ្ណោះកាលពីប៉ុន្មានថ្ងៃមុន គាត់បានខលចូលប្អូនស្រីដែរ ហើយនាងបានប្រាប់ថានាង កំពុងធ្វើការនៅក្នុងហាង 《ហេងហេង》ដែល មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកនាងក៏បានបិទទូរសព្ទខលលែងចូលរហូត ដោយសារតែបែបនេះ ទើបគាត់រត់រកឲ្យនគរបាលជួយ អន្តរាគមន៍។

ស្ត្រីដែលបាត់ប្អូនខាងលើបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើឃើញក្មេងស្រីដែលមានភិនភាគដូចខាងលើមេត្តាខលតាមរយ:លេខទូរសព្ទដូចខាងក្រោមនេះដោយសេចក្តីអនុគ្រោះ០១៥ ៨៦ ៣៦ ០៣៕

មតិយោបល់