ព័ត៌មានជាតិ

ពលករចំណាកស្រុកខុសច្បាប់ជិត៦០នាក់ ត្រូវអាជ្ញាធរនិងសមត្ថកិច្ចខេត្តប៉ៃលិន ឃាត់ខ្លួនអប់រំ

ប៉ៃលិន: ភ្នាក់ងារ Post News ប្រចាំខេត្តប៉ៃលិន បានរាយការណ៍មកថា មានពលករចំណាកស្រុក ប្រុសស្រី ក្មេងចាស់ចំនួន៥៩នាក់ ដែលបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានអាជ្ញាធរខេត្ត និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនយកមកអប់រំ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ពលករចំណាកស្រុកទាំងនេះ បានមកស្នាក់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីរង់ចាំមេខ្យល់ មកនាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។

លោកស្នងារបានបន្តថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានពលករ ប្រមូលផ្តុំគ្នានៅចំណុចខាងលើរួចមក ទើបអាជ្ញាធរ រួមនឹងសមត្ថកិច្ច បានចុះធ្វើការឃាត់ខ្លួនពួកគាត់ មកអប់រំណែនាំឲ្យត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ ព្រោះថាតំបន់ព្រំដែនកម្ពុជា-ថៃ ជាតំបន់មានគ្រាប់មីនសេសសល់ពីសម័យសង្គ្រាមច្រើន ហើយម្យ៉ាងទៀតពួកគាត់ទៅធ្វើខុសច្បាប់ទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ជាប់ពន្ធនាគារស្រុកគេ និងត្រូវគេកេងកម្លាំងពលកម្មជាដើម។

គួរបញ្ជាក់ថា ពលករចំណាកស្រុកខុសច្បាប់ទាំង ៥៩នាក់ នោះ គឺមានស្រីចំនួន ២៤នាក់ កុមារ ៥នាក់ ដែលពួកគាត់មកពីខេត្តកំពត តាកែវ សៀមរាប បាត់ដំបង កណ្តាល ព្រៃវែង កោះកុង បន្ទាយមានជ័យ ត្បូងឃុំ និងខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីការឃាត់ខ្លួន និងធ្វើការអប់រំរួចមក អាជ្ញាធរខេត្ត និងសមត្ថកិច្ច បានដឹកជញ្ជូនពលករទាំងអស់ ដោយឥតគិតថ្លៃទៅខេត្តបាត់ដំបង ដើម្បីឲ្យពួកគាត់បន្តដំណើទៅស្រុកកំណើតវិញរៀងៗខ្លួន៕

//youtu.be/VPCe2IQoF08

មតិយោបល់