ព័ត៌មានជាតិ

ជិះលឿនពេក! បុរស២នាក់ជិះម៉ូតូទៅបុកគូទរថយន្តទេសចរណ៍ពេញទំហឹង បែកក្បាលស្លាប់ម្នាក់មួយរំពេច

ភ្នំពេញ: យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ មួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តប្រភេទទេសចរណ៍ចំពីក្រោយពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោផ្លូវជាតិលេខ៤ ត្រង់ចំណុច ជញ្ជីងថ្លឹងឡានចាស់ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឈឹម អ៊ុច ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងបាញ់ថ្នាំឡាន មានស្រុកកំណើតនៅខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅ ម្តុំបែកចាន និងទី២ឈ្មោះ ឈឹម ផេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់ជាមួយគ្នា មានស្រុកកំណើតនៅភូមិបន្ទាយមាសខាងលិច ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រទេសទេសចរណ៍ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-2479 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុស្រាប់មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CP-5336 បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតដែលត្រូវជាប្អូនបង្កើតរួមដំណើរជាមួយ ធ្វើដំណើរក្នុងល្បឿនលឿន មកពីក្រោយរថយន្ត ហើយបានជ្រុលបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកឌុបបោកក្បាលខ្ទប់នឹងរថយន្តស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយនាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់