ព័ត៌មានជាតិ

IDP និងស្ថាប័នអប់រំអន្តរជាតិជាច្រើននៅណូវែលហ្សេឡង់ រៀបចំពិព័រណ៍ពីការសិក្សាឆ្នាំ២០១៦

ភ្នំពេញ៖ ក្រុមហ៊ុន IDP សហការរៀបចំដោយស្ថាប័នអប់រំនានា ក្នុងប្រទេសណូវែលហ្សេឡង់ នៅព្រឹកថ្ងៃទី៦មេសាឆ្នាំ២០១៦នេះ បានរៀបចំពិព័រណ៍ពីការសិក្សានៅណូវែលហ្សេឡង់ឆ្នាំ២០១៦ដោយមានអ្នកតំណាងប្រចាំស្ថាប័ននីមួយៗ មកផ្តល់ព័ត៌មាន ទាក់ទង នឹងជម្រើសសិក្សា តម្លៃ និងការបំពេញបែបបទសុំទិដ្ឋាការ ដល់សិស្ស និស្សិតនិងអាណាព្យាបាល ដែលមានបំណងទៅ បំពេញការសិក្សា នៅប្រទេសណូវែលហ្សេឡង់។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃ IDP Education កម្ពុជាបានមានប្រសាសន៍ថា “តាមរយ:ពិព័រណ៍ពីការសិក្សា នៅណូវែលហ្សេឡង់នេះ សិស្ស និស្សិត និងអាណាព្យាបាល អាចមកទទួលព័ត៌មានស្តីពីកម្មវិធីសិក្សា និងបរិយាកាសសិក្សា នៅក្នុង ស្ថាប័នសិក្សាចំនួន៩រួមមាន Academic Colleges Group (ACG), Auckland University of Technology (AUT), Southern Institute of Technology, Christchurch Polytechnic Institute of Technology (CPIT), Lincoln University, University of Auckland, Cornell Education Group, Victoria University of Wellington, និង Unitec Institute of Technology”។
លោកបន្តថា សិស្ស និស្សិត ក៏នឹងទទួលបានការប្រឹក្សាទាក់ទងនឹងការចុះឈ្មោះនិងការត្រៀមខ្លូនប្រលង IELTS ពីសំណាក់បុគ្គលិកមណ្ឌលប្រលង IELTS ជាផ្លូវការប្រចាំកម្ពុជា។ បុគ្គលិកតំណាងឲ្យមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការ បណ្តុះបណ្តាល (ACE) បានផ្តល់ព័ត៌មានអំពីជម្រើសសិក្សាភាសាអង់គ្លេស ក្នុងគោលបំណងជំរុញសមត្ថភាព សិស្ស និស្សិត ឲ្យបានសមស្របជាមួយនឹងលក្ខខណ្ឌជ្រើសរើសរបស់ស្ថាប័នសិក្សាក្នុងប្រទេសណូវែលហ្សេឡង់។ 
ស្ថានទូតណូវែលហ្សេឡង់ប្រចាំនៅទីក្រុងបាំងកក ក៏បានត្រៀមខ្លួនក្នុងការផ្តល់ព័ត៌មានអំពីការបំពេញបែបបទសុំទិដ្ឋាការដល់ សិស្ស និស្សិត និងអាណាព្យាបាល រួមជាមួយក្រុមអ្នកផ្តល់យោបល់ទាក់ទងទៅនឹងការសិក្សានៅក្រៅប្រទេសរបស់ IDP ក៏មានវត្តមានក្នុងពិព័រណ៍នេះ ដើម្បីផ្តល់ព័ត៌មានផ្សេងៗផងដែរ។
លោក ម៉ៅ ស្រេង បានបន្តទៀតថា សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងៗ កំពុងជ្រើសរើសគោលដៅសិក្សានៅសកលវិទ្យាល័យបរទេស ដោយមានជំនឿចិត្តថា ពួកគេនឹងទទួលបានសមត្ថភាពឈានមុខគេក្នុងការចាប់យកអាជីពនាថ្ងៃអនាគត។ 
ការតាំងពិព័រណ៍រយ:ពេលពេញ១ថ្ងៃនេះនឹងផ្តល់ឱកាសពិសេសដល់ សិស្ស និស្សិត ដែលកំពុងស្វែងរកការសិក្សានៅបរទេស។ សិស្សនិស្សិតដែលទទួលបានសញ្ញាប័ត្រឧត្តមសិក្សានៅក្រៅប្រទេស នឹងមានអទិភាពចម្បង ក្នុងការប្រកួតប្រជែងយកការងារដ៏ល្អប្រសើរ។
អ្នកស្រី សៅ ណាគ្រី អតីតនិស្សិតនៅប្រទេសណូវែលហ្សេឡង់ បានរំលឹកពីជិវិតនិស្សិតថា “ណូវែលហ្សេឡង់ គឺ ជាប្រទេសដែលសិស្សនិស្សិតប្រាថ្នាធ្វើជាគោលដៅសិក្សានាថ្ងៃអនាគត។ បន្ថែមពីលើការអប់រំដែលប្រកបដោយគុណភាព សកលវិទ្យាល័យនៅទីនោះ យកចិត្តទុកដាក់លើការរស់នៅរបស់ សិស្ស និស្សិត អន្តរជាតិ ហើយផ្តល់ជាជំនួយចាំបាច់ផ្សេងៗដល់ពួកគេ។ ពួកគេផ្តល់នឹងទទួលបាននូវបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន នៅពេលដែលពួកគេឃើញនូវការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ពីសំណាក់អ្នកនៅជុំវិញខ្លួន”។
សូមបញ្ជាក់ថា សិស្ស និស្សិត កម្ពុជាចាប់តាំងពីឆ្នាំ២០១៤មកបានចាប់អារម្មណ៍ខ្លាំងចំពោះការសិក្សា នៅប្រទេសណូវែលហ្សេឡង់ ដោយសារប្រទេសនេះនៅជិតនិងកម្ពុជា អាកាសធាតុអំណោយផល តម្លៃការសិក្សា ការស្នាក់នៅ ចំណីអាហារ មានភាពសមរម្យ បើធៀបនឹងប្រទេសជឿនលឿនដទៃទៀត ។ ក្នុង១ឆ្នាំមាន សិស្ស និស្សិត កម្ពុជាប្រមាណពី១២០ទៅ១៣០នាក់ បានទៅបំពេញការសិក្សា សម្រាប់ សិស្ស និស្សិត ណូវែលហ្សេឡង់ មកកម្ពុជាវិញនៅមានកម្រិតតិចតួចនៅឡើយ៕

   
 

មតិយោបល់