ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវ ស្នើឲ្យថៃ ជួយសម្រួលផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ២៤រូប

ភ្នំពេញ​៖ ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​នៅ​ខេត្ត​សា​កែវ ​បាន​ជួប​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ នៃ​ខេត្ត​សា​កែវ ​ស្នើសុំ​ឲ្យ​ជួយ​សម្រួល​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលក​រ​ខ្មែរ​ទាំង​២៤​នាក់​នោះ​។​នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក ជុំ​ សុន្ទរី​ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ។
លោក ជុំ​ សុន្ទរី​ ​​បាន​បញ្ជាក់ថា​ អាជ្ញាធរ​ថៃ​បាន​យល់ព្រម​តាម​សំណើសុំ​របស់​ស្ថាន​អគ្គ​កុងស៊ុល ហើយ​បាន​ណែនាំ​ឲ្យ​ស្នងការ​នគរបាល​អន្តោ​ប្រវេសន៍​ខេត្ត រៀបចំ​តាម​នីតិ​វិធី ដើម្បី​ឲ្យ​ពលករ​ទាំង​២៤​រូប ​អាចធ្វើ​ការងារ​តាម​រដូវ​នៅក្នុង​ខេត្ត​សា​កែវ​បាន​ដោយ​ស្របច្បាប់។​
លោក ជុំ​ សុន្ទរី​ បញ្ជាក់ទៀតថា ​កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៦ អាជ្ញាធរ​ចម្រុះ​ថៃ ​នៅ​ខេត្ត​សា​កែវ ​បាន​ចុះ​ត្រួតពិនិត្យ​ពលករ​នៅ​ទីតាំង​ចិញ្ចឹម​ជ្រូក​ចំនួន​២​កន្លែង គឺ​នៅ​ស្រុក​វ​ឌ្ឍ​នាណា​ខន ​រក​ឃើញ​មាន​ពលករ​កម្ពុជា​ចំនួន​១០៥​នាក់​ ស្រី ៣៥​នាក់​។​ ដោយឡែក​នៅ​ស្រុក​សា​កែវ បាន​រកឃើញ​មាន​ពលករ​កម្ពុជា​ចំនួន​៧៥​នាក់ ​ក្នុងនោះ​ស្រី​២៥​នាក់ ​ហើយ​បាន​រកឃើញថា ​ក្នុងចំណោម​ពលករ​កម្ពុជា​សរុប​ចំនួន​១៨០ នាក់​នោះ ​មាន​ពលករ​ចំនួន​១៥៦​នាក់ ​ ប្រើប្រាស់ Border Pass ដែល​មាន​វាយ​ត្រា អនុញ្ញាត​ឲ្យ​ធ្វើការ​តាម​រដូវ​នៅក្នុង​ខេត្ត​សា​កែវ​ស្របច្បាប់ ​ហើយ​ពលករ​ចំនួន​២៤​នាក់ (​ស្រី​៤​នាក់​) ប្រើប្រាស់ Border Pass ប៉ុន្តែ​មិន​មាន​សញ្ញា​សម្គាល់​សំរាប់​អនុញ្ញាត​ឲ្យ​ធ្វើការ គឺ​មានតែ​ត្រា​ចេញ​-​ចូល សំរាប់​ធ្វើដំណើរ​ធម្មតា ​និង​អាច​ស្នាក់​នៅ​បាន​ត្រឹម​រយ:ពេល​៧​ថ្ងៃ​ប៉ុណ្ណោះ ៕

  

មតិយោបល់