ព័ត៌មានជាតិ

ក្រសួងបរិស្ថាននិងភាគីពាក់ព័ន្ធ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន លើកទី១

ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយក្រុមមេធាវីវិស្ណុ បានរៀបចំសិក្ខាសាលាជាតិ ស្តីពីសេចក្តីព្រាង ក្រមបរិស្ថានលើកទី១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិព្រឹកថ្ងៃទី៦ខែមេសានេះ។
លោក ឯ វុឌ្ឍី ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេស តាក់តែងក្រមបរិស្ថានបានឲ្យដឹងថា “គោលបំណងគឺពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន ដែលជាដំណាក់កាលពិភាក្សាលើសេចក្តីពង្រាងក្រមបឋម ដើម្បីប្រមូលនូវមតិយោបល់ល្អពីភាគីពាក់ព័ន្ធ សម្រាប់កសាងព្រាងក្រមស្តីពីបរិស្ថាន ដោយធានាកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានដាក់បញ្ចូល យ៉ាងពេញលេញទៅក្នុងផែនការសេដ្ឋកិច្ចថ្នាក់ជាតិ និងថ្នាក់តំបន់ និងទៅក្នុងផែនការ និងការគ្រប់គ្រងធម្មជាតិ”។ ក្រមនេះកសាងឡើងជាងមួយឆ្នាំមកហើយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនូវមតិយោបល់សម្រាប់ធ្វើជាមូលដ្ឋានគតិយុត្តិមួយចំនួន សម្រាប់ធ្វើជាគោលការណ៍គ្រឹះក្នុងការពិភាក្សាតាក់តែងសេចក្តីព្រាងច្បាប់នេះ។
លោក សឿង សារឿន មកពីផ្នែកអង្គការសង្គមស៊ីវិលមានប្រសាសន៍ថា ការផ្តួចផ្តើមឲ្យមានក្រមបរិស្ថាននេះសំខាន់ណាស់។ ក្រមលើកទី១នេះផ្តោតយកចិត្តទុកដាក់លើគ្រប់វិស័យ តាំងពីទាក់ទងរ៉ែ និងថាមពល ការគ្រប់គ្រងទឹក ការគ្រប់គ្រងសំណល់ ការគ្រប់គ្រងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលសុទ្ធតែមានផលប៉ះពាល់ និងផ្តល់ប្រយោជន៍ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់។
លោកបន្តថា ការគ្រប់គ្រងបរិស្ថានល្អ ទាំងកាកសំណល់ ទាំងធនធានធម្មជាតិ ការបែងចែកផលប្រយោជន៍ និងការវិនិយោគសាធារណ: ដែលនឹងអាចធ្វើឱ្យមានផលប្រយោជន៍ជាវិជ្ជមានដល់ប្រជាពលរដ្ឋ។ 
ប៉ុន្តែអ្វីដែលលោកសង្ឃឹមដំណើរការតាក់តែងក្រមនេះ គឺត្រូវឱ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីចំហរឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប ជាពិសេសប្រជាពលរដ្ឋនៅតំបន់ ដែលមានការអភិវឌ្ឍទាក់ទងនឹងវិស័យរ៉ែ និងថាមពលឧស្ម័នជាដើម ដែលជាការប៉ះពាល់ជាវិជ្ជមានឬអវិជ្ជមាន។
លោកបញ្ជាក់ថា សង្គមស៊ីវិលចង់ឱ្យមានការចូលរួមឲ្យបានពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន សង្គមស៊ីវិល រដ្ឋាភិបាល និងអ្នកជំនាញផ្សេងៗ ពិសេសប្រជាពលរដ្ឋផ្ទាល់ដើម្បីឲ្យគាត់បានយល់ពីដំណើរការ នៃការតាក់តែង ក្រមនិងខ្លឹមសារ នៃច្បាប់នេះ៕

   
   

មតិយោបល់