ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់បានសំរេចចំនួន១២លើករួចមក អស់លក្ខណ៍ត្រូវអាវុធហត្ថឃាត់ខ្លួន!

ភ្នំពេញ: ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបបានភ្លាមៗ ខណ:ដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីសិស្សស្រីម្នាក់កំពុងតែជិះស៊ីក្លូពីរនាក់មិត្តភ័ក្រតាមផ្លូវ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចដែលកំពុងតែល្បាតនៅក្បែរនោះឃើញក៏បានចេញអន្តរាគមន៍ ដេញចាប់ប្រផាប់ប្រផីងរហូតឃាត់ខ្លួនបាន២នាក់ ចំណែកឯបក្ខពួក២នាក់ទៀតដែលបិទគូទនោះជិះរត់គេចខ្លួនបាត់។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៣កែង៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីលួច (ឆក់ទូរស័ព្ទ) ទី១ ឈ្មោះ ជួន វិរះសត្យា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ផ្ទះលេខ២B ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) និងទី២ ឈ្មោះ មាស ភីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ (មិនចាំលេខ) ផ្លូវ៦៧ ក្រុម៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកឆក់)។ រីឯជនរងគ្រោះ ឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ផ្ទះលេខ៥០E៣ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះស៊ីក្លូពីរនាក់មិត្តភ័ក្រ្ត តាមបណ្តោយផ្លូវព្រះនរោត្តម ពីត្បូងមកជើង ដល់ចំនុចផ្លូវ១៣០កែងផ្លូវនរោត្តម ស្រាប់តែមានជនសង្ស័យចំនួន២ម៉ូតូ គឺម៉ាក SUZUKI LET’S ពណ៌ស មិនចាំលេខ ជិះគ្នា២នាក់ និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FQ-5557 ជិះគ្នា២នាក់ បានជិះមកក្បែរជនរងគ្រោះ ហើយជនសង្ស័យដែលជិះម៉ូតូ HONDA C125 បានឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាក IPHON 6S ចំនួន១គ្រឿងបានសម្រេច និងបានបើកម៉ូតូគេចខ្លួនយ៉ាងលឿន ដោយបក្សពួកវាដែលជិះម៉ូតូម៉ាក SUZUKI LET’S ពណ៌ស ជាអ្នកជិះបិទគូថពីក្រោយ។ ភ្លាមៗនោះដែរ នារីរងគ្រោះបានស្រែកថាចោរៗ ស្របពេលដែលកម្លាំងយើងដែលកំពុងតែល្បាតនៅក្បែរនោះឃើញក៏បានចេញអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រផីងរហូតដល់ចំនុចខាងលើ ក៏បានបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ទើបឃាត់បានជនសង្ស័យទាំង២នាក់ រីឯបក្សពួកវា២នាក់ទៀតដែលជិះម៉ូតូម៉ាក SUZUKI LET’S បានជិះគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្សពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន១២លើករួចមកហើយ រីឯគោលដៅដែលឧស្សាហ៍ធ្វើសកម្មភាពមាន មុខមន្ទីរពេទ្យកាល់ម៉ែត ផ្សារចាស់និងផ្សារកណ្តាល និងផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេនិងមុខវាំង)។ ក្រោយកើតហេតុ ទូរស័ព្ទដៃខាងលើ ដែលដកហូតបានពីជនសង្ស័យ បានធ្វើកំណត់ហេតុ ហើយប្រគល់ជូននារីរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យនិងមធ្យោបាយ ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានបញ្ចូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់