ព័ត៌មានជាតិ

ប្រកាសសាលក្រមសំណុំរឿង ថៅកែក្រុមហ៊ុន ស្រីរ័ត្នទេសចរណ៍ បោកលុយអតិថិជន ជិត៣០ម៉ឺនដុល្លារ នៅចុងខែនេះ

ភ្នំពេញ: ក្រោយពីបានសាកសួរដេញដោលបញ្ចប់សវនាការកាលពីរសៀលថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូង បានលើកពេលប្រកាសសាលក្រម សំណុំរឿង របស់ជនជាបចោទ ឈ្មោះ រស់ សុភីរ័ត្ន ថៅកែក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ បោកលុយអតិថិជន ជិត ៣០ម៉ឺនដុល្លារ ទៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។

លោក ស្រី ម៉ាកនី ជាតំណាងអយ្យការនៃសវនាការ បានចោទប្រកាន់លើឈ្មោះ រស់ សុភីរ័ត្ន ភេទស្រី អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន ស្រីរ័ត្ន ទេសចរណ៍ ពីបទ រំលោភលើទំនុកចិត្ត លើអតិថិជន ៧៤នាក់ (អ្នកដែលដាក់ពាក្យប្តឹង) ប្រព្រឹត្តអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ នៅក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស និងផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ យោងតាមមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទឈ្មោះ រស់ សុភារ័ត្ន បានឆ្លើយថា ក្រុមហ៊ុនខ្លួន មានបម្រើសេវាកម្ម លក់សំបុត្រ យកហោះ ក្នុងប្រទេស ក្រៅប្រទេស និងរៀបចំដំណើរកម្សាន្ត ក្នុង និងក្រៅប្រទេស។

ជនជាប់ចោទ បន្ដថា អតិថជនដែលក្រុមហ៊ុនមិនបានបម្រើសេវាកម្ម ត្រឹមតែជាង ២០នាក់ តែប៉ុណ្ណោះ។

ក្រោយពីបែករឿង មិនមានឈ្មោះអតិថិជន ឡើងយន្តហោះ ទៅបរទេស ទើបក្រុមហ៊ុន បានសម្របសម្រួល ជាមួយអតិថិជន បានខ្លះ ហើយអ្នកខ្លះមិនព្រម និងដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ជនជាប់ចោទ បានឆ្លើយថា បុគ្គលិករបស់ខ្លួន ឈ្មោះ ង៉ែត ធារី មានតួនាទីជាប្រធានគណនេយ្យ និងលក់សំបុត្រ បានលួចលុយក្រុមហ៊ុន រត់អស់នូវថ្លៃសំបុត្រយន្តហោះ ជាង៣០នាក់ ជាសាច់ប្រាក់ ប្រមាណ ជាង ១០ម៉ឺនដុល្លារទើប ក្រុមហ៊ុនខ្វះលុយសងទៅអតិថិជន។

ក្រុមដើមបណ្ដឹងបាន អះអាងថា ពួកគាត់បានទៅទិញ សេវាកម្ម ដំណើរកម្សាន្ត នៅក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ ដើម្បីទៅដើរលេងនៅបរទេស ប៉ុន្តែដល់ថ្ងៃឡើងយន្តហោះ ក៏ស្រាប់តែ គ្មានឈ្មោះ ជិះយន្តហោះ ទើបបែករឿង ដឹងថា ក្រុមហ៊ុនបោកប្រាស់ និងបានដាក់ពាក្យប្តឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទតែម្តងទៅ។

ក្រុមជនរងគ្រោះ បានប្តឹងទាមទារត្រឹមតែលុយដែលខ្លួនបានខាតបង់ ក្នុងម្នាក់ៗ ចន្លោះពី ១០០០ដុល្លារ ទៅជាង១ម៉ឺនដុល្លារ សរុប ជាង ២០ម៉ឺនដុល្លារ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ រស់ សុភារ័ត្ន កាលពីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ក្រោយពីមានអតិថិជនប្រមាណជា ២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

មតិយោបល់