ព័ត៌មានជាតិ

ម៉ាកសឺដេស ប៉ះជាមួយបាឡែន ត្រង់ផ្លូវបែកជាបួន បញ្ចប់ត្រឹមសំណង៨០ម៉ឺនរៀល

ភ្នំពេញ: បុរសម្នាក់បើករថយន្តបាទ្បែនមួយគ្រឿងមកដល់ផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តម៉ាកសឺដេសបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម កែងនឹងផ្លូវ១៥៤ កែងនឹងផ្សារសូរិយា ក្នុងសង្កាតផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញបុរស៤នាក់ជិះរថយន្តមួយគ្រឿងម៉ាកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
2N-6328 បើកបរតាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកផ្លូវ១៥៤ជិតផុតទៅហើយក៏មានរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2A-8821 បើកបរដោយបុរសម្នាក់តាមផ្លូវ១៥៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តម៉ាកសឺដេសចំកង់ខាងមុខខាងស្តាំបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបាឡែនរងការខូចខាតផ្នែកស្តុបមុខខាងឆ្វេងបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នា ដោយភាគីខាងរថយន្តបាឡែន ចេញសំណងសងទៅរថយន្តម៉ាកសឺដេសចំនួន៨០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់