ព័ត៌មានជាតិ

រន្ធត់ ! រថយន្តក្រុងGFT បើកលឿនបុករថយន្តដឹកខ្សាច់ពេញទំហឹង ខ្ទេចស្ទើរទាំងស្រុង

បន្ទាយមានជ័យ: យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥ទៀបភ្លឺ មានករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបី កែងផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានប្រាប់ឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនGFT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5556 បើកបរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-2043 ពីក្រោយបណ្តាលឲ្យអ្នកបើកបររថយន្តក្រុងឈ្មោះ លីវ រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល និងព្រូ រថយន្តម្នាក់ទៀតឈ្មោះ ពូន សាអៀម ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល។ អ្នកទាំង២ រស់នៅភូមិតាញោក ឃំុប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក សរ សុភក្ត្រា បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួចអ្នកបើកបររថយន្តដឹកខ្សាច់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ហើយករណីខាងលើនេះបណ្ដាលមកពីរថយន្តក្រុងបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នទើបទៅបុករថយន្តដឹកខ្សាច់បណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង។ បច្ចុប្បន្ន រថយន្តទាំង២ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

មតិយោបល់