ព័ត៌មានជាតិ

មានវីដេអូ៖ តំណាងអយ្យការថា រឿង ម្តាយក្មេកប្តឹងកូនប្រសារ និងដន្លង ថាលួចលុយជាង១០ម៉ឺនដុល្លារគ្មានភស្តុតាងច្បាស់លាស់

ភ្នំពេញ: លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន បញ្ជាក់តាម Telegram កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញថា មូលហេតុដែល តំណាងអយ្យការសម្រេចដោះលែង ជនសង្ស័យ ៣នាក់ពាក់ព័ន្ធ នឹងសំណុំរឿង កូនអតីតប្រសារស្រី និងគ្រួសារ សមគំនិតគ្នា លួចលុយ ម្តាយក្មេក ជាង១០ម៉ឺនដុល្លារនោះ ព្រោះតែ ជនសង្ស័យជាអតីតកូនប្រសារស្រី កំពុងមានផ្ទៃពោះជិតសម្រាល។

លោកស្រីបន្ថែមថា ចំពោះជនសង្ស័យជាម្តាយ និងបងប្រុស ត្រូវបានដោះលែង ដោយសារ ពុំទាន់មានតម្រុយច្បាស់លាស់ដើម្បីដាក់បន្ទុក។

យោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដើមបណ្ដឹងនៃសំណុំរឿងនេះ មានឈ្មោះ ជា វណ្ណា ភេទស្រី ជាអតីត ម្តាយក្មេក និងជាដន្លង។

ចំណែក ជនសង្ស័យទាំង ៣នាក់រួមមាន៖

-ទី១ឈ្មោះ លីប៊ុន បុទ្ទមរតន៍ ភេទស្រី ជាអតីតកូនប្រសារ ដើមបណ្ដឹង

-ទី២ឈ្មោះ ភីម លី ភេទស្រី អាយុ ៥៥ឆ្នាំ ជាម្តាយបង្កើតជនសង្ស័យទី១ និងជាអតីតដន្លងដើមបណ្ដឹង

-និងទី៣ឈ្មោះ លីប៊ុន ធនរក្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជាបងប្រុសរបស់ជនសង្ស័យទី១

ជនសង្ស័យទាំង ៣នាក់មានទីលំនៅផ្ទះលេខ១៦ ផ្លូវលេខ R១៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

គួររំលឹកថា ជនសង្ស័យទាំង ៣នាក់ត្រូវបាន សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ
ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោយពីមានបណ្ដឹង ពីលោកស្រី ជា វណ្ណា ដោយចោទថា ក្រុមជនសង្ស័យ បានចូលទៅលួចលុយចំនួន ២ម៉ឺនដុល្លារ និងគ្រឿងអលង្កាពេជ្រ ជាង ៨ម៉ឺនដុល្លារ កាលពីថ្ងៃទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

ក្រោយឃាត់ខ្លួន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ទី១ឈ្មោះ ភីម លី និងទី២ឈ្មោះ លីប៊ុន ធនរក្ស ទៅកាន់អយ្យការអមសាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ លីប៊ុន បុទ្ទមរតន៍ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ ដោយបញ្ជូនតែសំណុំរឿងទៅតុលាការ ព្រោះជនសង្ស័យត្រូវសម្រាលកូន។

សូមបញ្ជាក់ថា ដើមចមដែលនាំឲ្យមានរងរ៉ាវដ៏ចម្រូងចម្រាសនេះកើតឡើងដោយផ្តើមចេញពីរឿង លែងលះគ្នារវាង ឈ្មោះ លីប៊ុន បុទ្ទមរតន៍ ជាជនសង្ស័យ ជាមួយឈ្មោះ មាស សំអាន ជាកូនប្រុសបង្កើតរបស់ដើមបណ្ដឹង។

ក្រោយពីអ្នកទាំង២ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនោះ ពួកគេបានរស់នៅក្នុងផ្ទះរបស់ដើមបណ្ដឹងឈ្មោះ ជា វណ្ណា លុះដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ប្តីប្រពន្ធទាំង២ មានទំនាស់គ្នា ទើប
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ខ្លួនបានសម្រេចចាកចេញពីផ្ទះរបស់ដើមបណ្តឹង ដើម្បីទៅរស់នៅផ្ទះជាមួយ ជនសង្ស័យ ជាម្តាយ និងបងប្រុសវិញ។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នោះ ជនសង្ស័យឈ្មោះ លីប៊ុន បុទ្ទមរតន៍ បានទូរសព្ទហៅ បងប្រុស និងម្តាយបង្កើត មកទទួលខ្លួន និងដឹកសម្ភារ ដោយឲ្យម្តាយ និងបងប្រុស នៅចាំក្រៅផ្ទះម្តាយក្មេក។

ដោយសារតែជនសង្ស័យឈ្មោះ លីប៊ុន បុទ្ទមរតន៍ បានសម្រេចចិត្ត ប្រមូលសម្ភារ ចុះចេញពីផ្ទះនោះហើយ ទើបឈ្មោះ ជា វណ្ណា ជាម្តាយក្មេកបានប្តឹងកូនប្រសារ និងគ្រួសារ ថា បាននាំគ្នាទៅលួចលុយ និងគ្រឿងអលង្កា លោកស្រី អស់សរុប ជាង ១០ម៉ឺន និងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ៕

មតិយោបល់