ព័ត៌មានជាតិ

ថ្លង់មេក្រូបុណ្យពេក និយាយទូរសព្ទមិនឭទៅឈរក្បែរម៉ូតូគេ ស្មានតែជាចោរដាក់ជាច្រើនដែកទីប រងរបួសធ្ងន់

ភ្នំពេញ: សមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពាក់ពន្ធ័នឹងករណីប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសយកដែកទីបវាយក្បាល បណ្ដាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី៨ ខែតលា ឆ្នាំ២០១៧​ ស្ថិតនៅចំណុចកាំជណ្ដើរ ឡើងជាន់ទី១ ផ្ទះលេខ៧៥៩E1 ផ្លូវលេខ១២៨ ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហ៊ សូផាណា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះលេខ៧៥៩E1ផ្លូវលេខ១២៨ ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដកហូតបាន ដែកទីបប្រវែងប្រហែល១ម៉ែត្រ២តឹក បានវាយមកលើជនរងគ្រោះឈ្មោះ គួច ខៃឈួង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់ នៅផ្ទះជួលលេខD៦ ផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ​បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលខាងឆ្វេងដេរចំនួន៦ថ្នេរ កំពុងសំរាកព្យាបាលនៅមន្ទីរ ឯកជនពហុព្យាបាល & សម្ភព សុខុមាល ។

មុនពេលកើតហេតុជនរងគ្រោះឈ្មោះ គួច ខៃឈួង បានមកចូលរួមកំដរបុណ្យសព បងប្អូនដែលទើបនឹងស្លាប់ នៅផ្លូវលេខ១២៨ ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ លុះពេលប្រពន្ធជនរងគ្រោះបានទូរសព្ទមកជនរងគ្រោះ នៅកន្លែង បុណ្យជនរងគ្រោះបានលើក និយាយតែស្ដាប់មិនឭក៏ដើរទៅមុខផ្ទះរបស់ជនសង្ស័យ ឈ្មោះ ហ៊ សូផាណា រំលងប្រហែលពី២ ទៅ៣ផ្ទះពីផ្ទះបុណ្យសព រួចជនរងគ្រោះក៏បាននិយាយទូរសព្ទនៅក្បែរម៉ូតូជនសង្ស័យដែលទុកនៅក្បែរកាំ ជណ្ដើរឡើង ហើយជនរងគ្រោះបានឡើងទៅបត់ជើងតូចនៅកាំជណ្ដើរ ឡើងជាន់ទី១ ផ្ទះរបស់ជនសង្ស័យដោយសារតែ មានសភាពងងឹតមើលពុំឃើញ ជនសង្ស័យ ស្មានតែចោរចូលទៅសម្ងំលួចម៉ូតូរបស់ខ្លួន ក៏យកដែកទីបប្រវែងប្រហែល ១ម៉ែត្រ ២តឹក យកទៅវាយក្បាលរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលខាង ឆ្វេងធ្ងន់ ពេលនោះជនរងគ្រោះបានរត់ ទៅកន្លែងរោងបុណ្យសពវិញ ហើយប្រាប់ បងប្អូននៅកន្លែងរោងបុណ្យស្រាប់តែបងប្អូនជនរងគ្រោះបាននាំគ្នាមកវាយទៅលើ ជនសង្ស័យឈ្មោះ ហ៊ សូផាណា បណ្ដាលឲ្យរងរបួសបែកមាត់ និងច្រមុះវិញ។ ពេលនោះក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ សូផាណា យកមកកាន់ទីស្នាក់ការប៉ុស្តិ៍ ចំណែកជនរងគ្រោះឈ្មោះ គួច ខៃឈួង ត្រូវបាន បងប្អូនដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពហុព្យាបាល & សម្ភព សុខុមាល ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហ៊ សូផាណា កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ បន្តទៀត៕

មតិយោបល់